(ហែលស៉ិនគី)៖ នាយករដ្ឋមន្រ្តី លោក Petteri Orpo បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ហ្វាំងឡង់នឹងបិទព្រំដែនទាំងអស់ជាមួយ រុស្ស៉ី លើកលែងតែចំណុចឆ្លងកាត់ភាគខាងជើងបំផុតប៉ុណ្ណោះ ចាប់ពីពាក់កណ្តាលអធ្រាត្រនៅថ្ងៃសុក្រនេះតទៅ ដើម្បីបញ្ឈប់លំហូរនៃ អ្នកស្វែងរកសិទ្ធិជ្រកកោនចូលមកក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចាប់តាំងពីដើមខែវិច្ឆិកាមក មនុស្សច្រើនជាង ៦០០នាក់ ដែលគ្មានឯកសារធ្វើដំណើរត្រឹមត្រូវមកកាន់សហភាពអឺរ៉ុប បានធ្វើដំណើរទៅកាន់ ហ្វាំងឡង់ តាមរយៈប្រទេសរុស្ស៉ី ដែលជំរុញឲ្យទីក្រុងហែលស៉ិនគី (Helsinki) បិទច្រកឆ្លងកាត់ជាច្រើន ហើយចោទទីក្រុងមូស្គូថាជំរុញឲ្យ មានការធ្វើចំណាកស្រុក ខណៈវិមានក្រឹមឡាំងបដិសេធការចោទប្រកាន់នេះ។

លោក Orpo បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «មានសញ្ញាកាន់តែច្រើនថាស្ថានភាពកាន់តែអាក្រក់ទៅៗ នៅព្រំដែន ភាគខាងកើត។ រដ្ឋាភិបាលសម្រេចចិត្តថានឹងបទច្រកព្រំដែនទាំងអស់បន្ថែមទៀត»។ ទីភ្នាក់ងារព្រំដែន Frontex របស់សហភាពអឺរ៉ុប គ្រោង នឹងបញ្ជូនពង្រាយមន្ត្រីទៅហ្វាំងឡង់ ឲ្យបានឆាប់នៅសប្តាហ៍ក្រោយ ឆ្លើយតបទៅនឹងសំណើសុំដាក់ពង្រាយមន្រ្តីឈរជើង តាមបណ្តោយ ព្រំដែនប្រវែង ១,៣៤០ម៉ែត្រជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអន្តោប្រវេសន៍ អ្នកស្វែងរកសិទ្ធិជ្រកកោណភាគច្រើនមកពី ប្រទេសយេម៉ែន អាហ្វហ្គានីស្ថាន កេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី និងស៉ីរី៕

រូបភាពពី Reuters