(បេរូត)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានថាការគំរាមកំហែងនៃការផ្ទុះរាលដាលសង្រ្គាមក្នុងតំបន់ ហ្កាហ្សា នឹងកាន់តែរីកធំឡើង ប្រសិនបើបទឈប់បាញ់រវាងអ៉ីស្រាអែល និងហាម៉ាសមិនឋិតថេរយូរអង្វែងទេនោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Amir-Abdollahian ធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al-Mayadeen នាឱកាសបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់រូបនេះក៏បានបញ្ជាក់ជាថ្មីដែរ ថាអ៉ីរ៉ង់មិនមានចេតនា ឬចង់ពង្រីកសង្រ្គាមឱ្យកាន់តែធំនោះទេ ប៉ុន្តែបានបន្ថែមថាប្រសិនបើសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅតែ អូសបន្លាយ ឬផ្ទុះឡើងកាន់តែខ្លាំង នោះគឺគំរាមកំហែងនៃការផ្ទុះរាលដាលសង្រ្គាមចេញពីតំបន់ហ្កាហ្សា ក៏កាន់រីកធំឡើងដូចគ្នាដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីថ្ងៃពុធនោះដែរ បាននិយាយថាបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល៤ថ្ងៃ និងការដោះលែងចំណាប់ខ្មាំង នឹងត្រូវ ពន្យារពេល រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ដែលនេះជាការបង្អាក់ក្ដីសង្ឃឹមរបស់ក្រុមគ្រួសារសាច់ញាតិ ដែលរំពឹងថាចំណាប់ខ្មាំង មួយចំនួននឹងត្រូវបានដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ។

អ៉ីស្រាអែល និងក្រុមហាម៉ាស ក្រោមការសម្របសម្រួលពីប្រទេសកាតា កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះបានប្រកាសរៀងៗ ខ្លួនពីការឈាន ដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់រយៈពេល ៤ថ្ងៃ ដើម្បីដោះដូរជាមួយចំណាប់ខ្មាំង ៥០នាក់។ ក្រុមហាម៉ាសវិញក៏បានចេញ សេចក្ដីថ្លែងការណ៍ស្វាគមន៍បទឈប់បាញ់នេះដែរ ដោយអះអាងថានឹងនាំទៅរកការដោះលែងជនជាតិប៉ាឡេស្ទីន ១៥០នាក់ពី ពន្ធនាគារអ៉ីស្រាអែល។

ក្រុមហាម៉ាសត្រូវបានជឿជាក់បានចាប់មនុស្សជាង ២៤០នាក់ជាចំណាប់ខ្មាំង ក្នុងការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ៕