(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថាអាជ្ញាធរអាមេរិកបានទប់ស្កាត់ ទាន់ពេលវេលានូវផែនការសម្លាប់ជនជាតិ Sikh ម្នាក់នៅលើទឹកដីអាមេរិក និងបានចេញការព្រមានមួយទៅកាន់ឥណ្ឌាពាក់ព័ន្ធនឹង ការព្រួយបារម្ភពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលទីក្រុងញូវដេលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព័ត៌មានស្ដីពីការរារាំងផែនការសម្លាប់ជនជាតិ Sikh ម្នាក់នៅលើទឹកដីអាមេរិកត្រូវបានរាយការណ៍មុនគេដោយសារព័ត៌មាន Financial Times។ ជុំវិញសេចក្ដីរាយការណ៍នេះដែរ អ្នកនាំពាក្យសេតវិមាន លោកស្រី Adrienne Watson បាននិយាយថាក្រុមមន្ត្រីឥណ្ឌា បានបង្ហាញការភ្ញាក់ផ្អើល និងការព្រួយបារម្ភ នៅពេលដែលពួកគេត្រូវបានជូនដំណឹងពីព័ត៌មាននេះ។

លោកស្រី Watson បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហានេះ ហើយបញ្ហានេះដែរត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំជាច្រើន ក្នុងនោះរួមមានទាំងកិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់រវាងសហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលឥណ្ឌា»

សារព័ត៌មាន Financial Times បានឱ្យដឹងថាប្រភពដែលខ្លួនទទួលបាន មិនបានបញ្ជាក់ឱ្យច្បាស់ថាតើសហរដ្ឋអាមេរិកបានសម្ដែងការតវ៉ា ជាមួយឥណ្ឌា ជាហេតុធ្វើឱ្យផែនការសម្លាប់ជនជាតិ Sikh ខាងលើត្រូវបានលុបចោល ឬក៏ផែនការនេះត្រូវបានរារាំងដោយប៉ូលិស FBI នោះទេ។ ប៉ុន្តែបានឱ្យដឹងថាការសម្ដែងការតវ៉ាបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិកកាលពីខែមិថុនាកន្លងទៅ។

គួរបញ្ជាក់ថា ជនជាតិ Sikh ខាងលើ មានឈ្មោះ Gurpatwant Singh Pannun ហើយរូបគេបានអះអាងថាខ្លួនមានសញ្ជាតិ២ គឺអាមេរិក និងកាណាដា។ ឧប្បត្តិហេតុថ្មីនេះដែរ កើតមានឡើងតែជាង២ខែប៉ុណ្ណោះ ក្រោយកាណាដាបាននិយាយថាខ្លួនមានភស្តុតាងគួរឱ្យទុកចិត្ត បានអាចបញ្ជាក់បានថារដ្ឋាភិបាលឥណ្ឌា មានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេដឹកនាំជនជាតិ Sikh ឈ្មោះ Hardeep Singh Nijjar នៅលើទឹកដីកាណាដា។ ប៉ុន្តែ ឥណ្ឌាបានច្រានចោលការចោទប្រកាន់បែបនេះ៕

រូបភាពពី Reuters