(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល បាននិយាយថាបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល៤ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងនឹងត្រូវ ពន្យារពេលរហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ដែលនេះជាការបង្អាក់ក្ដីសង្ឃឹមរបស់ក្រុមគ្រួសារសាច់ញាតិ ដែលរំពឹងថាចំណាប់ខ្មាំងមួយចំនួន នឹងត្រូវបានដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីប្រឹក្សាសន្តិសុខជាតិអ៉ីស្រាអែល លោក Tzachi Hanegbi បានឱ្យដឹងថាការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល និងជនបរទេស ៥០នាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ជាថ្នូរនឹងបទឈប់បាញ់រយៈពេល៤ថ្ងៃ កំពុងដំណើរការទៅមុខ ប៉ុន្តែគ្រាន់តែការដោះលែង នេះនឹងត្រូវពន្យារពេលរហូតដល់ថ្ងៃសុក្រ។ ចំណែក មន្ត្រីអ៉ីស្រាអែលម្នាក់ទៀតក៏បានបញ្ជាក់ដែរថាបទឈប់បាញ់បណ្ដោះអាសន្នជាមួយ ក្រុមហាម៉ាស ក៏នឹងមិនកើតឡើងនោះដែរនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហាម៉ាស ក្រោមការសម្របសម្រួលពីប្រទេសកាតា កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះបានប្រកាសរៀងៗ ខ្លួនពីការឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់រយៈពេល ៤ថ្ងៃ ដើម្បីដោះដូរជាមួយចំណាប់ខ្មាំង ៥០នាក់។ ក្រុមហាម៉ាសវិញក៏បាន ចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍បទឈប់បាញ់នេះដែរ ដោយអះអាងថានឹងនាំទៅរកការដោះលែងជនជាតិប៉ាឡេស្ទីន ១៥០នាក់ពី ពន្ធនាគារអ៉ីស្រាអែល។

ក្រុមហាម៉ាសត្រូវបានជឿជាក់បានចាប់មនុស្សជាង ២៤០នាក់ជាចំណាប់ខ្មាំង ក្នុងការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់។ ប៉ុន្តែព្រមពេលជាមួយគ្នា បើតាមក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សា ការវាយប្រហារ សងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ក៏បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៤,០០០នាក់ផងដែរ ដែល ក្នុងនោះមាន៤០ភាគរយជាកុមារ៕

រូបភាពពី Reuters