(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះបាននិយាយថាខ្លួននឹងស្ដារឡើងវិញនូវរាល់វិធានការយោធាទាំងអស់ដែលត្រូវបាន លុបចោលកន្លងមក នៅក្រោមកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយកូរ៉េខាងត្បូងក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងតាមបណ្ដោយព្រំដែន ហើយក៏បានសន្យាដែរថានឹងដាក់ពង្រាយអាវុធថ្មីនៅតាមព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសខាងលើរបស់ក្រសួងការពារជាតិកូរ៉េខាងជើង ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូងប្រកាសព្យួរផ្នែកខ្លះនៃកិច្ចព្រមព្រៀង យោធាអន្តរកូរ៉េ ជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដែលទីក្រុងព្យុងយ៉ាងអះអាងថាទទួលបានជោគជ័យ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ចាប់ពីពេលនេះតទៅ យើងនឹងមិនស្ថិតនៅក្រោមកាតព្វកិច្ច នៃកិច្ចព្រមព្រៀងយោធាកូរ៉េខាងជើង-​កូរ៉េខាងត្បូងកាលពីថ្ងៃទី១៩ ខែកញ្ញា (ឆ្នាំ២០១៨) ទៀតនោះទេ។ យើងនឹងលុបចោលការរឹតត្បិតយោធា ចាត់វិធានការដើម្បីបង្ការភាពតានតឹងយោធា និងជម្លោទាំងជើងគោក សមុទ្រ និងអាកាស ជាមួយការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លា និងអាវុធថ្មីៗ នៅក្នុងតំបន់ស្ថិតនៅតាមបណ្ដោយតំបន់ព្រំដែនគ្មានយោធា»

គួរបញ្ជាក់ថា កូរ៉េខាងជើង បានទម្លាក់ការទទួលខុសត្រូវលើកូរ៉េខាងត្បូងដោយចោទថាជាអ្នកលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ហើយថា ទីក្រុងសេអ៊ូល នឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់ជម្លោះដែលអាចផ្ទុះឡើងជាយថាហេតុណាមួយរវាងកូរ៉េទាំង២។ សេចក្ដីថ្លែងការណ៍ របស់កូរ៉េខាងជើងទៀតសោត កើតមានឡើងក្រោយទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ឆ្ពោះទៅកាន់ សមុទ្រភាគខាងកើត នៃឧបទ្វីបកូរ៉េ កាលពីយប់ថ្ងៃពុធ។ ប៉ុន្តែ យោធាកូរ៉េខាងត្បូងអះអាងថាការធ្វើតេស្តនេះទទួលបរាជ័យ៕