(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ក្រុមប្រទេសសេដ្ឋកិច្ចធំៗដែលហៅកាត់ថា G20 នៅថ្ងៃពុធនេះសប្តាហ៍នេះថា វាចាំបាច់ត្រូវពិចារណាពីវិធីដើម្បីបញ្ឈប់ «សោកនាដកម្ម» នៃសង្រ្គាមនៅអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងម៉ូស្គូមិនដែលបដិសេធមិនចូលរួម ក្នុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងកៀវនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងទៅកាន់មេដឹកនាំ G20 ជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ប្រមុខវិមានក្រឹមឡាំង បានទទួលពីសោកនាដកម្មក្នុងសង្គ្រាមអ៊ុយក្រែន ដោយបាននិយាយយ៉ាងដូច្នេះថា «អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនគឺជាសោកនាដកម្មមួយ ហើយពួកគេត្រូវតែស្វែងរកមធ្យោបាយដើម្បីបញ្ឈប់វា»។
លោក ពូទីន បានសង្កត់ធ្ងន់ថា «មែនហើយ សកម្មភាពយោធាតែងតែជាសោកនាដកម្ម សម្រាប់មនុស្សជាក់លាក់ គ្រួសារជាក់លាក់ និងប្រទេសទាំងមូល។ ហើយជាការពិតណាស់ យើងត្រូវតែគិតពីរបៀបដើម្បីបញ្ឈប់សោកនាដកម្មនេះ»។
ទន្ទឹមនឹងនេះ លោក ពូទីន ថែមទាំងបានចង្អុលមុខអ៊ុយក្រែនថា ជាអ្នកដែលបដិសេធមិនចរចា និងបិទផ្លូវសម្រាប់ការសន្ទនា ចំណែកទីក្រុងម៉ូស្គូតែងតែត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការបែបនេះ។
ដោយលើកហេតុផលថា ទីក្រុងម៉ូស្គូកំពុងព្យាយាមសម្រេចបានយុត្តិធម៌ក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីរុស្ស៉ីរូបនេះបាននិយាយថា ភាពតានតឹងក្នុងសេដ្ឋកិច្ចពិភពលោកមិនមែនដោយសាររុស្ស៊ីទេ ប៉ុន្តែដោយសារសកម្មភាពរបស់ប្រទេសដទៃ។
គួរបញ្ជាក់ថា រុស្ស៊ីនិយាយថា ខ្លួនបានចាប់ផ្តើម «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន «ដើម្បីបំផ្លាញ និងរំសាយអាវុធអ៊ុយក្រែន និងការពារប្រជាជនដែលនិយាយភាសារុស្សីរបស់ប្រទេសនេះ»។ ប៉ុន្តែលោកខាងលិចចាត់ទុកយុទ្ធនាការយោធា ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ ២០២២ នេះ ជាសង្រ្គាមនៃការឈ្លានពាន៕