(ម៉ានីល)៖ នាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បាននិយាយនៅថ្ងៃពុធនេះ នៅឯមហោស្រពសេដ្ឋកិច្ចហាឡាលហ្វីលីពីននៅទីក្រុងម៉ានីលថា ប្រទេសហ្វីលីពីនកំពុងអំពាវនាវឱ្យអ្នកវិនិយោគមូស្លីមទូទាំងពិភពលោក បង្កើតអាជីវកម្មហាឡាលនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

ប្រទេសហ្វីលីពីនដែលកាន់សាសនាកាតូលិកភាគច្រើន មានគោលបំណងដាក់ខ្លួន ជាមជ្ឈមណ្ឌលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ឧស្សាហកម្មហាឡាល ហើយស្វែងរកការចូលទៅក្នុងទីផ្សារហាឡាលពិភពលោក ដែលមានតម្លៃជាង ៧ ពាន់ពាន់លានដុល្លារ។

ខណៈដែលទីក្រុងម៉ានីលស្វែងរកការឈានដល់ការវិនិយោគ ៤ ពាន់លានដុល្លារ ក្នុងពាណិជ្ជកម្មហាឡាល និងការវិនិយោគក្នុងរយៈពេល ៥ ឆ្នាំខាងមុខ សមាជិកសភាហ្វីលីពីនក៏បានអនុម័តបទប្បញ្ញត្តិថ្មី និងធ្វើវិសោធនកម្មច្បាប់ចាស់ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនបរទេស ក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេស។

លោក Alfredo Pascual លេខាធិការនៃនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយកាលពីថ្ងៃពុធថា «ច្បាប់ទាំងនេះផ្តល់នូវការលើកទឹកចិត្តបន្ថែមទៀត ដល់វិនិយោគិនមូស្លីមមកពីទូទាំងពិភពលោក។ យើងអំពាវនាវឱ្យពួកគេបង្កើត និងដាក់ដំណើរការគម្រោងហាឡាលរបស់ពួកគេនៅទីនេះក្នុងប្រទេសហ្វីលីពីន»។

លោក Pascual បានបន្ថែមថា ច្បាប់មួយក្នុងចំណោមច្បាប់ទាំងនោះ គឺច្បាប់វិនិយោគបរទេស ដែលអនុញ្ញាតឱ្យជនមិនមែនហ្វីលីពីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ធ្វើអាជីវកម្មនៅក្នុងប្រទេស ឬវិនិយោគក្នុងក្រុមហ៊ុនក្នុងស្រុក។

សភាហ្វីលីពីនក៏បានធ្វើវិសោធនកម្មច្បាប់សេរីភាវូបនីយកម្មពាណិជ្ជកម្មលក់រាយ ដែលបានបន្ទាបពិដានសម្រាប់ដើមទុន ដែលតម្រូវលើអ្នកលក់រាយដែលដឹកនាំដោយបរទេស ដើម្បីបង្កើតហាងនៅក្នុងប្រទេសហ្វីលីពីនផងដែរ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសហ្វីលីពីន មានប្រជាជនម៉ូស្លីមប្រហែល ៧ លាននាក់ ដែលភាគច្រើនរស់នៅលើកោះ Mindanao និងប្រជុំកោះ Sulu នៅភាគខាងត្បូងនៃប្រទេស និងនៅខេត្ត Palawan៕