(ប៉ាឡេស្ទីន)៖ ការឈប់បាញ់គ្នាលើកដំបូង រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ត្រូវបានគេយល់ព្រមជាមួយ នឹងការដាក់លក្ខខណ្ឌដោះលែងចំណាប់ខ្មាំងខ្លះ និងការឈានដល់ដោះលែងអ្នកទោសប៉ាឡេស្ទីនថែមទៀត។ ការឈប់បាញ់ក្នុងជំហានដំបូងនេះ នឹងមានរយៈពេល៤ថ្ងៃសិនដោយ មានការយល់ព្រមដោះលែងចំណាប់ខ្មាំង៥០នាក់។ ការឈប់បាញ់ក្នុងជំហានបន្ទាប់ ត្រូវគេនិយាយថា នឹងយោងទៅតាមការដោះលែងចំណាប់ខ្មាំងម្តងចំនួន១០នាក់ ដែលជាថ្នូរនឹងការឈប់បាញ់មួយថ្ងៃ។

កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសដែលជាថ្នូរនឹងការដោះលែង ចំណាប់ខ្មាំង ត្រូវបានប្រកាសនៅថ្ងៃពុធទី២២វិច្ឆិកា ដោយប្រទេសកាតាដែលជាប្រទេសជួយ សម្របសម្រួលលើកិច្ចប្រឹងប្រែងឈប់បាញ់គ្នានេះ។
ការផ្អាកឈប់បាញ់គ្នារយៈពេល៤ថ្ងៃនិងការដោះលែងចំណាប់ខ្មាំង៥០នាក់នេះ គឺជាលើកដំ បូងហើយខណៈសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីនបានឈានចូលដល់ថ្ងៃ ទី៤៧។ កិច្ចប្រឹងប្រែងនេះទៀត ត្រូវគេរំពឹងថានឹងនាំទៅរកការដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០នាក់ថែមទៀតដែលអ៊ីស្រាអែលបានចាប់ដាក់គុកកន្លងមកនេះ។

ក្រសួងការបរទេសកាតាបាននិយាយថាអ្នកដែលត្រូវបានដោះលែងដោយភាគីទាំងពីរ គឺ ជាស្ត្រីនិងកុមារក្រោមអាយុ១៩ឆ្នាំ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ, ជំនួយមនុស្សធម៌ដល់តំបន់ Gaza ដែលរងការឡោមព័ទ្ធនោះ ក៏នឹងត្រូវបង្កើនឱ្យបានច្រើនផងទៀត។ យោងតាមកិច្ចព្រមព្រៀងឈប់បាញ់បួនថ្ងៃនោះទៀត ការបញ្ឈប់ចរាចរតាមផ្លូវអាកាសក្នុង តំបន់ហ្គាហ្សាភាគខាងជើងនឹងមានរយៈពេល៦ម៉ោងជារៀងរាល់ថ្ងៃចាប់តាំងពីម៉ោង១០ព្រឹក ដល់ម៉ោងបួនល្ងាច, បញ្ឈប់ការធ្វើសកម្មភាពយានយន្តយោធាអ៊ីស្រាអែលចូលក្នុងតំបន់ហ្គាហ្សាស្ទ្រីប, បើកឱ្យរថយន្តដឹកជញ្ជួនជំនួយមនុស្សធម៌ចូលគ្រប់តំបន់ក្នុងហ្គាហ្សា, និងក្នុងការឈប់បាញ់គ្នា៤ថ្ងៃនេះ មិនត្រូវមានការចាប់មនុស្សឬវាយប្រហារណាមួយកើតឡើងនោះទេ។ កិច្ចព្រមព្រៀងដដែលបាន និយាយថាសេរីភាពនៃការធ្វើដំណើរពីភាគខាងជើងទៅភាគខាង ត្បូងហ្គាហ្សានឹងត្រូវធ្វើតាម ផ្លូវ Salah Al-Din ។
ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Hertzog បានថ្លែងថា ចំណាត់ការទាក់ទងនឹងកិច្ច ព្រមព្រៀងបទឈប់បាញ់ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន គឺជាអ្វីដែលគេអាចយល់បាន និងដោយក្តីឈឺចាប់ និងមានការពិបាកចំពោះការសម្រេច ប៉ុន្តែដោយសារកាលៈទេសៈ នេះ លោកត្រូវតែគាំទ្រ និងគាំទ្រការសម្រេចចិត្ត ដែលនឹងឈានទៅរកកិច្ចព្រមព្រៀងដោះ លែងចំណាប់ខ្មាំង។

ការ​ប្រកាស​កិច្ចព្រមព្រៀងបទឈប់បាញ់នេះ​បាន​ធ្វើ​ឡើងតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​របស់​អ៊ីស្រាអែល​បាន​អនុម័ត​ទៅលើ​កិច្ចព្រមព្រៀង​នេះ។ សហរដ្ឋអាមេរិកនិងប្រទេសអេហ្ស៊ីប គឺជាប្រទេសដែលបានរួមចំណែកក្នុងការជួយនាំឱ្យមានការជជែកដើម្បីការឈប់ បាញ់និងការដោះលែងមនុស្សទាំងនេះផងដែរ។

ការដោះលែងចំណាប់ខ្មាំងនឹងត្រូវចាប់ផ្តើមក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីភាគីទាំងអស់នឹង ព្រមព្រៀងឱ្យលក្ខខណ្ឌនៃកិច្ចឈប់បាញ់គ្នានេះ។ គួរបញ្ជាក់ថាមុននេះ ចំណាប់ខ្មាំងបួននាក់ ហើយដែលត្រូវបានក្រុមហាម៉ាសដោះលែងក្នុងភាពមនុស្សធម៌ គឺរួមមាន២នាក់ជាជនជាតិ អាមេរិកនិង២នាក់ជាជនជាតិអ៊ីស្រាអែល។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មិនបាននិយាយ អំពី ការដោះលែងអ្នកទោសប៉ាឡេស្ទីន ឬការបង្កើនជំនួយមនុស្សធម៌ទេ នៅពេលដែលមាន ការ សាកសួររកការបញ្ជាក់ពីក្រុមសារព័ត៌មាននោះ។ មន្ត្រីអ៊ីស្រាអែល បាននិយាយក្នុងសេចក្តី ថ្លែងការណ៍ថា «រដ្ឋាភិបាលអ៊ីស្រាអែលប្តេជ្ញានាំយកចំណាប់ខ្មាំងទាំងអស់វិលត្រឡប់មកផ្ទះវិញ»

សេចក្តីថ្លែងការណ៍និយាយថា «នៅយប់នេះ រដ្ឋាភិបាលបានអនុម័ត សម្រាប់ដំណាក់ កាលដំបូងនៃការសម្រេចគោលដៅនេះ»
លោក Netanyahu បាននិយាយថាការធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នឹងបន្តឡើងវិញ បន្ទាប់ពីបទឈប់បាញ់បានផុតកំណត់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយ​ថា​៖ «​យើង​កំពុង​តែ​មាន​សង្គ្រាម ហើយ​យើង​នឹង​បន្ត សង្គ្រាមទៀត​…យើងនឹងបន្តរហូតដល់យើងសម្រេចបាននូវគោលដៅទាំងអស់របស់យើង»
លោក Benjamin Netanyahu បាននិយាយបន្តថាអ៊ីស្រាអែល មានភារកិច្ចនាំចំណាប់ខ្មាំង ដែលគេបានចាប់និងបាត់ខ្លួនទាំងអស់វិលត្រឡប់ទៅផ្ទះរបស់គេវិញ និងធានាថាតំបន់ហ្គា ហ្សានឹងក្លាយជាតំបន់ដែលលែងបង្កការគំរាមកំហែងដាក់លើអ៊ីស្រាអែល។

នៅជាមួយគ្នានេះវិញដែរ, ក្រុមហាម៉ាស បានថ្លែងថា នៅពេលដែលមានការឈប់បាញ់គ្នា ៤ថ្ងៃបណ្តោះអាសន្ននេះ ពួកគេនៅតែត្រៀមស្មារតីប្រយុទ្ធនៅឡើយទេ។ ក្រុមហាម៉ាស បានប្រកាសថា «ក្រោយមានការចរចាដ៏លំបាកនិងស្មុគស្មាញ យើងបានប្រកាសកិច្ចព្រម ព្រៀងឈប់បាញ់ជាមនុស្សធម៌ដែលមានរយៈពេល៤ថ្ងៃ។ ក្រុមហាម៉ាស បានថ្លែងការអរគុណ ដល់ប្រទេសកាតានិងអេហ្ស៊ីបដែលបានជួយសម្របសម្រួលចំពោះការនាំឱ្យមានការផ្អាក បាញ់គ្នាក្នុងតំបន់ហ្គាហ្សានេះ។ ក្រុមហាម៉ាសបាននិយាយថា ពួកគេមានភក្តីភាពចំពោះការ បង្កើតប៉ាឡេស្ទីនជារដ្ឋឯករាជ្យដោយយកក្រុង Al-Quds ធ្វើជារដ្ឋធានី។

ក្នុងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ, ប្រធានាធិបតីអាមេរិក Joe Biden បានថ្លែងថា លោក Netanyahu បានប្តេជ្ញាគាំទ្រដល់ "ការផ្អាកបាញ់បន្ថែម" ដើម្បីធ្វើឱ្យប្រាកដថា វាមិន មែនត្រឹមតែចំណាប់ខ្មាំងទាំងអស់ នឹងត្រូវបានដោះលែងប៉ុណ្ណោះទេ ប៉ុន្តែជំនួយមនុស្សធម៌ ក៏អាចត្រូវបានបញ្ជូនទៅឱ្យពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាផងដែរ។

លោក Biden បាននិយាយថា កិច្ចព្រមព្រៀងគួរតែដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកមួយចំនួន ហើយលោកបញ្ជាក់ថា លោកនឹងមិនបញ្ឈប់ឡើយរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានគេដោះលែង ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា បទឈប់បាញ់នឹងអាចត្រូវ បន្តដោយការឈប់បាញ់គ្នាមួយថ្ងៃ គឺតម្រូវឱ្យមានការដោះលែងចំណាប់ខ្មាំង១០នាក់បន្ថែម ទៀត។

ការប្រើពេលយូរឈប់បាញ់គ្នា ក៏នឹងអាចមានការរងសម្ពាធពីក្នុងស្រុកនិងអន្តរជាតិ ដល់រដ្ឋា ភិបាលអ៊ីស្រាអែល ដោយសារតែការបញ្ចប់សង្គ្រាម នឹងមិនធ្វើឱ្យអ៊ីស្រាអែលទទួល បាន ជោគជ័យដូចតាមការកំណត់ដែលចង់បំផ្លាញសមត្ថភាពយោធារបស់ក្រុមហាម៉ាស។
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបាននិយាយថា គេកំពុងត្រៀមខ្លួនដើម្បីជួយធ្វើ កិច្ចការផ្លាស់ប្តូរទាំងនេះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

សង្គ្រាមដែលមានរយៈពេល៤៧ថ្ងៃមកនេះ គឺចាប់ផ្តើមមកពីព្រឹត្តការណ៍បង្ហូរឈាមមួយលើ ទឹកដីអ៊ីស្រាអែលថ្ងៃទី៧ខែតុលា ដោយក្រុមហាម៉ាស បានធ្វើការវាយប្រហារគួរឱ្យភ្ញាក់ផ្អើល មួយឆ្លងដែនចូលទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងហោច១ពាន់២០០នាក់និង ចាប់មនុស្សប្រមាណ២៤០នាក់ធ្វើជាចំណាប់ខ្មាំង។

ក្នុងការប្រកាសសង្គ្រាមតបតដាក់លើក្រុមហាម៉ាស ប៉ាឡេស្ទីន, អ៊ីស្រាអែលបានធ្វើការបាញ់ ផ្លោងតាមផ្លូវអាកាស, ហ៊ុំព័ទ្ធផ្តាច់ស្បៀងអាហារ ទឹក និងថាមពលអគ្គីសនី និងកាត់ផ្តាច់ការ ទាក់ទងនឹងការដឹកជញ្ជួនទាំងអស់មិនឱ្យចេញចូលក្នុងតំបន់ហ្គាហ្សា និងបានធ្វើការវាយលុក ដោយថ្មើរជើងចូលក្នុងតំបន់ហ្គាហ្សាថែមទៀត។ គិតរហូតមកដល់ថ្ងៃទី២២វិច្ឆិកានេះ តួលេខ មនុស្សស្លាប់ក្នុងតំបន់ហ្គាហ្សាបានកើនដល់១ម៉ឺន៣ពាន់៣០០នាក់ហើយ៕

រូបភាពពី​ Reuters