(មូស្គូ)៖ ប្រទេសរុស្ស៊ីបានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននៅថ្ងៃពុធ (២២ វិច្ឆិកា) នេះ ហើយបាននិយាយថា បទឈប់បាញ់មនុស្សធម៌គឺជាមធ្យោបាយតែមួយគត់ ដើម្បីធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយពិតប្រាកដ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់បានព្រមព្រៀងគ្នានៅថ្ងៃពុធនេះ លើបទឈប់បាញ់នៅហ្គាហ្សាយ៉ាងហោចណាស់រយៈពេល ៤ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយ និងការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងជាតិសាសន៍ដ៏ទៃយ៉ាងហោចណាស់ ៥០ នាក់ ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០ នាក់ដែលកំពុងជាប់ឃុំក្នុងប្រទេសអ៊ីស្រាអែល។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «នេះគឺជាដំណឹងល្អដំបូងពីតំបន់ហ្គាហ្សា ក្នុងរយៈពេលដ៏យូរ»។

លោកបានបន្ថែមថា «ប្រទេសរុស្ស៊ី និងប្រទេសភាគច្រើន កំពុងអំពាវនាវឱ្យមានបទឈប់បាញ់ និងការផ្អាកបាញ់គ្នាក្រោមហេតុផលមនុស្សធម៌ ពីព្រោះមានតែនៅលើមូលដ្ឋាន នៃបទឈប់បាញ់នេះប៉ុណ្ណោះ ដែលអាចកំណត់អនាគតមួយដើម្បីឈានដល់ដំណោះស្រាយប្រកបដោយនិរន្តរភាព»។

គួរបញ្ជាក់ថា រុស្ស៊ីមានទំនាក់ទំនងយូរអង្វែងជាមួយអ៊ីស្រាអែល ក្រុមហាម៉ាស និងតួអង្គសំខាន់ៗផ្សេងទៀតនៅមជ្ឈិមបូព៌ា រួមទាំងអ៊ីរ៉ង់ផងដែរ។

ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីការឈឺចាប់របស់ពលរដ្ឋប៉ាឡេស្ទីន ដោយពណ៌នាវិបត្តិនេះថា ជាការបរាជ័យនៃគោលនយោបាយអាមេរិក និងបានជំរុញឱ្យអ៊ីស្រាអែលអត់ធ្មត់។ ប៉ុន្តែរុស្ស៊ី​ក៏បាន​ធ្វើឲ្យ​អ៊ីស្រាអែល​ខឹងផងដែរ ​ដោយបាន​​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ទទួល​គណៈប្រតិភូ​ហាម៉ាស​ក្នុង​ទីក្រុង​មូស្គូ​កាលពី​ខែ​មុន៕

រូបភាពពី Reuters