(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា អង្គភាពប្រឆាំងយន្តហោះរុស្ស៉ី បានបំផ្លាញយន្តហោះដ្រូនចំនួន ៣គ្រឿង របស់អ៊ុយក្រែននៅលើតំបន់គ្រីមៀ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថា «ការប៉ុនប៉ងរបស់អ៊ុយក្រែនដើម្បីអនុវត្តការវាយប្រហារដោយយន្តហោះដ្រូន (UAVs) លើទឹកដីនៃសហព័ន្ធរុស្ស៉ី ត្រូវបានរារាំង។ យន្តហោះដ្រូនទាំង ៣គ្រឿងនោះ ត្រូវបានកម្ទេចដោយកងកម្លាំងការពារដែនអាកាស»

គួរបញ្ជាក់ថា រុស្ស៉ីបានកាត់បញ្ចូលតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ ២០១៤​ ទោះមិនមានការទទួលស្គាល់ពីអន្តរជាតិក៏ដោយ។ អ៊ុយក្រែនប្តេជ្ញាថានឹងមិនសម្រាកនោះទេ រហូតទាល់តែទាហានរុស្ស៉ីចុងក្រោយត្រូវបណ្តេញចេញពីទឹកដីខ្លួន៕

រូបភាពពី Reuters