(ប៉េកាំង)៖ យប់ថ្ងៃទី២១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស តាមប្រព័ន្ធវីដេអូស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល នៃថ្នាក់ដឹកនាំប្រទេស BRICS ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន ការដែលប្រទេស BRICS បញ្ចេញសំឡេងយុត្តិធម៌និងសំឡេងសន្តិភាព អំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺទាន់ពេលវេលានិងមានភាពចាំបាច់ខ្លាំង។ លោក Xi Jinping បានថ្លែងថា ការប៉ះទង្គិចនៅតំបន់កាហ្សាបានអូសបន្លាយ អស់រយៈពេលជាងមួយខែហើយ ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងកើតមានគ្រោះមហន្តរាយខាងមនុស្សធម៌ ប្រទេសចិនបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ។

ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺទីមួយបណ្តាភាគីនានានៃការប៉ះទង្គិចត្រូវឈប់បាញ់គ្នាភ្លាម បញ្ឈប់រាល់អំពើហិង្សា និងការវាយប្រហារដែលសំដៅ ចំពោះជនស៊ីវិលនៅតំបន់កាហ្សា និងដោះលែងជនស៊ីវិលដែលត្រូវឃាត់ខ្លួន។ ទីពីរត្រូវធានាឱ្យច្រកផ្លូវសម្រាប់ផ្តល់ជំនួយ សង្គ្រោះមនុស្សធម៌មានសុវត្ថិភាពនិងភាពរលូន ដើម្បីផ្តល់ជំនួយមនុស្សធម៌កាន់តែច្រើន ដល់ប្រជាជននៅតំបន់កាហ្សា។ ទីបី សហគមន៍អន្តរជាតិគួរតែចាត់វិធានការជាក់ស្តែង បង្ការកុំឱ្យការប៉ះទង្គិចរីករាលដាល និងជះឥទ្ធិពលដល់ស្ថិរភាព នៃតំបន់មជ្ឈិមបូព៌ាទាំងមូល។

ប្រទេសចិនគាំទ្រសេចក្តីសម្រេចចិត្តអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញជាបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៧ ខែតុលា។ ក្នុងនាមជាប្រធានផ្លាស់វេនរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាជាតិ ប្រទេសចិនបានធ្វើជាអ្នកសម្របសម្រួលក្នុងសន្និសីទ ព្រមទាំងបានអនុម័តលើសេចក្តីសម្រេចចិត្ត លេខទី២៧១២របស់ក្រុមប្រឹក្សាសន្តិសុខ។ បណ្តាភាគីនានាគួរតែអនុវត្តសេចក្តីសម្រេចចិត្តនេះ ឱ្យបានប្រាកដប្រជា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន