(ប៉េកាំង)៖ "ប្រទេសចិន" បន្ទាប់ទៀតនៅតែជាប្រទេសចិន។ "ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទស្សនៈរបស់មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនេះ ដែលបានលើកឡើងដោយលោក Xi Jinpingប្រធានរដ្ឋចិនក្នុងអំឡុងពេលកិច្ចប្រជុំ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានបង្កឱ្យមានការពិភាក្សាយ៉ាងក្ដៅគគុកលើពិភពលោក។

យោងតាមការប៉ាន់ប្រមាណពីវិទ្យាស្ថាន McKinsey ឱ្យដឹងថា នៅឆ្នាំ២០២០ ទីក្រុងចំនួន៥៥របស់ប្រទេសចិន បានឈានចូលក្នុងជួរទីក្រុង ដែលមានប្រាក់ចំណូលខ្ពស់ ដែលបានគ្របដណ្តប់ប្រជាជនចិនចំនួន២៧ភាគរយ។ នៅឆ្នាំ២០៣០ ចំនួនទីក្រុងដែលមានប្រាក់ចំណូលខ្ពស់របស់ប្រទេសចិន នឹងកើនឡើងដល់៩៣ទីក្រុង ដែលគ្របដណ្តប់ប្រជាជនចិនចំនួន៤៤ភាគរយ។ ពួកគេបានសន្និដ្ឋានថា៖ ប្រសិនបើចង់ស្វែងរកកំណើនលើពិភពលោក នោះចម្លើយគឺច្បាស់ណាស់។

ពិភពលោកកំពុងឆ្ពោះទៅមុខ ហើយស្ថានភាពកំពុងប្រែប្រួល។ ហេតុអ្វីបានជាប្រទេសចិននៅថ្ងៃអនាគតនៅតែជា ទីកន្លែងដែលមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មផ្តោតសំខាន់បំផុត? "ការមិនកែប្រែ"បីចំណុចដែលលោក Xi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃអង្គការ APEC បានផ្តល់ចម្លើយដល់អ្នកទាំងអស់គ្នា។

ប្រទេសចិនគឺជាម៉ាស៊ីនក្បាលដ៏ធំបំផុត នៃកំណើនពិភពលោក ហើយអត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំនេះនឹងឡើងដល់១ភាគ៣។ ពេលថ្មីៗនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានដំឡើងការព្យាករណ៍អំពីកំណើន GDP របស់ប្រទេសចិនក្នុងឆ្នាំ២០២៣ ដល់៥.៤ភាគរយ។ស្ថាប័នហិរញ្ញវត្ថុបរទេសជាច្រើន ក៏បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្តស្តារឡើងវិញ និងមានភាពប្រសើរឡើង។ នេះបានបញ្ជាក់ពី "ការមិនកែប្រែ" ទីមួយ គឺថា"សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពធន់យ៉ាងខ្លាំង មានសក្តានុពលយ៉ាងគ្រប់គ្រាន់និងមានលំហដ៏ធំទូលាយ សម្រាប់ការអភិវឌ្ឍនិន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនបានកែប្រែទេ ហើយក៏មិនអាចកែប្រែដែរ"។

ប្រទេសចិនក៏មានឧត្តមភាពពិសេសមួយ ដែលត្រូវបានទទួលស្គាល់ដោយពិភពលោក គឺទីផ្សារ។ ប្រទេសចិនមានចំនួនប្រជាជនច្រើនជាង ១.៤ពាន់លាននាក់ ដែលមានទំហំលើសពីចំនួនប្រជាជនសរុប នៃប្រទេសអភិវឌ្ឍន៍ដែលមានស្រាប់។ តាមការព្យាករណ៍ ក្នុងរយៈពេលប្រហែល១៥ឆ្នាំនាពេលអនាគត ក្រុមប្រជាជនដែលបានប្រាក់ចំណូលមធ្យមរបស់ប្រទេសចិន នឹងកើនឡើងពី៤រយលានដល់៨រយលាននាក់។

ឆ្នាំនេះគឺជាខួបលើកទី៤៥នៃកំណែទម្រង់និងបើកចំហរបស់ប្រទេសចិន ក៏ដូចជាខួបលើកទី៣០ នៃកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំAPEC។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល APEC លើកនេះ ភាគីចិនបានប្រកាសវិធានការថ្មីមួយចំនួន ដើម្បីជំរុញការបើកចំហរដោយបញ្ជាក់ជាថ្មីម្តងទៀតថា"ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបង្កើតបរិយាកាស ធ្វើពាណិជ្ជកម្មដែលមានលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្មនឹងមិនកែប្រែទេ ហើយគោលនយោបាយស្តីពីការផ្តល់សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ដល់វិនិយោគរបស់ពាណិជ្ជករបរទេស ដោយគ្មានការរើសអើងក៏នឹងមិនកែប្រែដែរ"។ "ការមិនកែប្រែ" ទាំងពីរនេះបានបញ្ចេញសញ្ញាយ៉ាងខ្លាំងថា ប្រទេសចិននឹងពង្រីកការបើកចំហចំពោះក្រៅប្រទេស ប្រកបដោយកម្រិតខ្ពស់ហើយមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មពិភពលោកអាចទុកចិត្តបានទាំងស្រុង។

លើសពីនេះទៅទៀត ឧត្តមភាពរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះ ត្រូវបានបង្ហាញលើវិស័យគុណភាពល្អ និងតម្លៃថោកសមរម្យដែលបូករួមទាំង ការមានប្រភេទឧស្សាហកម្មគ្រប់គ្រាន់ មានខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ យ៉ាងពេញលេញ ហើយមានល្បឿនឆ្លើយតបរហ័ស ព្រមនិងមានកម្មករនិងសហគ្រិនដែលមានគុណភាពខ្ពស់ជាច្រើនជាដើម។ ប្រការទាំងនេះគឺជាឧត្តមភាពប្រកួតប្រជែងដែលប្រទេសដទៃទៀត ពិបាកសម្រេចបានក្នុងរយៈពេលក៏ខ្លី។

ហេតុអ្វីបានជា "ប្រទេសចិន" បន្ទាប់ទៀតនៅតែជាប្រទេសចិន? " និយាយជាសរុប គឺ"ការមិនកែប្រែ" ទាំងបីរបស់ប្រទេសចិន បាននាំមកនូវភាពប្រាកដប្រជានិងស្ថិរភាព ហើយការនេះគឺជាអ្វីដែលពិភពលោកខ្វះខាតបំផុត ក្នុងពេលឈានចូលដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់៕

វិទ្យុមិត្តភាពកម្ពុជាចិន