(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យមើលរូបថត​ប៉ុន្មានសន្លឹក នៃមូលដ្ឋានយោធាអាមេរិកសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅលើកោះហ្កាំ (Guam) ដែលទទួលបានពីផ្កាយរណបចារកម្ម​ដំបូងបំផុតនៅឯទីអវកាស របស់ប្រទេសអាស៉ីបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មាន KCNA បានារាយការណ៍ថា លោក គីម បានទស្សនារូបភាពថតពីខាងលើ នៃមូលដ្ឋានទ័ពអាកាស Anderson ព្រមទាំងកំពង់ផែ Apra ហើយនិងបន្ទាយយោធាសំខាន់ៗផ្សេងទៀត របស់កងកម្លាំងអាមេរិក ដែលត្រូវផ្តិតយកបានពីផ្ទៃមេឃនៅលើកោះ Guam ដែលស្ថិតនៅតំបន់ប៉ាស៉ីហ្វិកខាងលិច។ បើតាម KCNA រូបភាពទាំងនោះ ត្រូវទទួលបានកាលពីវេលាម៉ោង៩៖២១ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសជោគជ័យ នៃការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍ ឈ្មោះថា Malligyong-1។

គួរបញ្ជាក់ថា វាគឺជាការបាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យជាលើកដំបូង សម្រាប់ប្រទេសកូរ៉េខាងជើង ហើយជាការបាញ់លើកទី៣ ក្រោយទីក្រុងព្យុងយ៉ាងបានទទួលបរាជ័យ ក្នុងការប៉ុនប៉ងបាញ់បង្ហោះ២លើកកន្លងមក នៅក្នុងឆ្នាំនេះ។ កូរ៉េខាងជើងសម្រេចបានជោគជ័យ​នេះ បន្ទាប់លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅកាន់ តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី កាលពីខែកញ្ញា ហើយជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅឯមូលដ្ឋានបាញ់បង្ហោះយានអវកាសដ៏ទំនើបបំផុតរបស់រុស្ស៉ី។ ក្រុមអ្នកវិភាគយល់ឃើញថា នាពេលនោះ លោក ពូទីន ទំនងជាបានសន្យាជួយលោក គីម ក្នុងកិច្ចប្រឹងប្រែងបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង៕

រូបភាពពី​ Reuters