(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងពិចារណាកត់ឈ្មោះ ក្រុមឧទ្ទាមហ៊ូទី (Houthi) នៃប្រទេសយេម៉ែន ចូលទៅក្នុងបញ្ជីអង្គការភេរវករ បន្ទាប់ពីពួកគេបានរឹបអូសកប៉ាល់១គ្រឿង ដែលមានជាប់ពាក់ព័ន្ធនឹងអ៉ីស្រាអែល នៅលើផ្ទៃសមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការរឹបអូសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន នៃកប៉ាល់ឈ្មោះ Galaxy Leader រួមជាមួយនាវិកអន្តរជាតិសរុបទាំង២៥នាក់របស់កប៉ាល់នោះ បានកើតមានឡើងនៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ូទីដែលគាំទ្រដោយអ៉ីរ៉ង់ បានព្រមានកំណត់គោលដៅលើ កប៉ាល់ដឹកជញ្ជូនរបស់អ៉ីស្រាអែល ជុំវិញវិបត្តិសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស នៅតំបន់ Gaza Strip។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយមានសកម្មភាពប្លន់កប៉ាល់១គ្រឿង នៅលើដែនទឹកអន្តរជាតិ នាពេលថ្មីៗនេះ ពួកយើងបានចាប់ផ្តើមការពិចារណាលើ លទ្ធភាពនៃការកត់ឈ្មោះក្រុមហ៊ូទី ចូលទៅក្នុងបញ្ជីអង្គការភេរវករ ហើយយើងក៏នឹងពិចារណាជម្រើសដទៃទៀតផងដែរ ក្រោមការពិគ្រោះយោបល់ ជាមួយសម្ព័ន្ធមិត្តក៏ដូចជាដៃគូយើង»។ ជាមួយគ្នានេះ លោក Kirby បានអំពាវនាវឱ្យក្រុមហ៊ូទី ដោះលែងកប៉ាល់និងក្រុមនាវិកទាំងអស់ជាបន្ទាន់វិញ និងដោយឥតលក្ខខណ្ឌ។
កប៉ាល់ Galaxy Leader ប្រើទង់ជាតិប្រទេសដែនកោះបាហាម៉ា និងជាកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស ប៉ុន្តែវាត្រូវបានធ្វើប្រតិបត្តិការ ដោយក្រុមហ៊ុនជប៉ុនមួយ និងមានទំនាក់ទំនងជាមួយ មហាសេដ្ឋីអ៉ីស្រាអែល លោក Abraham "Rami" Ungar។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ក្រុមហ៊ូទី សកម្មភាពខាងលើរបស់ពួកគេ គឺជាការសងសឹកចំពោះសង្រ្គាមអ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។ កាលពីថ្ងៃនោះ ក្រុមហាម៉ាសក៏ឆ្មក់ចូលលុកលុយទ្រង់ទ្រាយធំលើអ៉ីស្រាអែល ដោយបានសម្លាប់មនុស្ស១,២០០នាក់ និងចាប់ចំណាប់ខ្មាំង២៤០នាក់។ រីឯមនុស្សជាង១៤,០០០នាក់ ត្រូវបានសម្លាប់ គិតចាប់តាំងពីអ៉ីស្រាអែល បានវាយប្រហារសងសឹកវិញ ទៅលើតំបន់ Gaza ដែលគ្រប់គ្រងដោយហាម៉ាស៕
រូបភាពពី Reuters