(ហ្កាហ្សា)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អង្គការដើម្បីសេរីភាពនិងសិទ្ធិអ្នកសារព័ត៌មាន CPJ បានចេញរបាយការណ៍ឱ្យដឹងថា អ្នកកាសែតព្រមទាំងបុគ្គលិកផ្នែកសារព័ត៌មាន សរុបកើនដល់ចំនួន៥៣នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានផ្ទុះឡើងកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អង្គការខាងលើដែលមានមូលដ្ឋាននៅទីក្រុង New York នៃសហរដ្ឋអាមេរិក បាននិយាយថា តួលេខក្នុងរបាយការណ៍នេះ គឺរួមមានជនជាតិប៉ាឡេស្ទីន ៤៦នាក់ អ៉ីស្រាអែល៤នាក់ និងលីបង់៣នាក់ ត្រូវបានសម្លាប់គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង តាំងពីថ្ងៃទី៧ ខែតុលាមក។ ក្រៅពីនេះ អ្នកកាសែត១១នាក់បានរងរបួស ៣នាក់បានបាត់ខ្លួន ហើយ១៨នាក់ត្រូវបានចាប់ខ្លួន។ អង្គការ CPJ បានសង្កត់ធ្ងន់ថា ក្រុមអ្នកកាសែត​នៅក្នុងតំបន់ Gaza Strip គឺប្រឈមហានិភ័យខ្ពស់ជាពិសេស ដោយសារតែពួកគេព្យាយាមផ្សព្វផ្សាយដំណឹងអំពីស្ថានការណ៍នៃជម្លោះ ស្របពេលដែលអ៉ីស្រាអែល ធ្វើការវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោក ទៅលើដែនដីប៉ាឡេស្ទីននោះ។

គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ Gaza បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានឆ្មក់វាយលុកទ្រង់ទ្រាយធំ លើភាគខាងត្បូងអ៉ីស្រាអែល ដែលបានសម្លាប់មនុស្ស ១២,០០០នាក់ និងចាប់ចំណាប់ខ្មាំងប្រមាណ ២៤០នាក់ផ្សេងទៀត ហើយអ៉ីស្រាអែលបានវាយប្រហារសងសឹក យ៉ាងខ្លាំងក្លាមិនធ្លាប់មានត្រឡប់ទៅវិញ។ យ៉ាងណាក្តី នៅថ្ងៃពុធនេះ អ៉ីស្រាអែលនិងហាម៉ាស បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀង សម្រាប់បទឈប់បាញ់រយៈពេល៤ថ្ងៃ ដើម្បីដោះដូរជាមួយ​ចំណាប់ខ្មាំងចំនួន៥០នាក់៕

រូបភាពពី AFP