(ហ្កាហ្សា)៖ អាជ្ញាធរនៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា ចំនួនមនុស្សស្លាប់​ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល​នៅទីនោះ បានបន្តកើនឡើងដល់១៤,១២៨នាក់ហើយ ក្នុងរយៈពេលប្រមាណជាងមួយខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាជ្ញាធរសុខាភិបាលហាម៉ាសបាននិយាយថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ គឺមានកុមារដល់ទៅជាង៥,៨៤០នាក់ ព្រមទាំងស្រ្តី​៣,៩២០នាក់ ហើយនិងអ្នករងរបួស ៣៣,០០០នាក់ផ្សេងទៀត។ ទន្ទឹមគ្នានេះ តួលេខអ្នកបាត់ខ្លួនបានកើនលើស៦,៨០០នាក់ ដែលរួមមាន​ទាំងកុមារ និងស្រ្តីសរុបប្រហែល៤,៥០០នាក់។

អ៉ីស្រាអែលបានចាប់ផ្តើម បើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ព្រមជាមួយប្រតិបត្តិការយោធាតាមផ្លូវគោក ប្រឆាំងតំបន់ Gaza Strip កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានឆ្មក់វាយលុកទ្រង់ទ្រាយធំលើភាគខាងត្បូងអ៉ីស្រាអែល ដែលបានសម្លាប់មនុស្ស ១២,០០០នាក់ និងចាប់ចំណាប់ខ្មាំងប្រមាណ ២៤០នាក់ផ្សេងទៀត។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ អ៉ីស្រាអែលនិងក្រុមហាម៉ាស បានប្រកាសរៀងៗខ្លួនពីការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ សម្រាប់រយៈពេល៤ថ្ងៃ ដើម្បីដោះដូរជាមួយចំណាប់ខ្មាំងចំនួន៥០នាក់៕

រូបភាពពី AFP