(ហ្សឺណែវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ជនស៉ីវិលស្លូតត្រង់​ជាង១០,០០០នាក់ហើយ បានបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងតែពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

បេសកកម្មសិទ្ធិមនុស្ស UN ប្រចាំអ៊ុយក្រែន ដែលមានភ្នាក់ងារឃ្លាំមើលជាច្រើននៅក្នុងប្រទេសនេះ បាននិយាយថា បើតាមការរំពឹងទុក តួលេខជាក់ស្តែងពិតប្រាកដនៃអ្នកស្លាប់ បើធៀបជាមួយនឹងតួលេខផ្លូវការគឺមុខជានឹងខ្ពស់ខ្លាំងជាង ដ្បិតការងារផ្ទៀងផ្ទាត់តួលេខកំពុងតែប្រព្រឹត្តទៅ ជាពិសេសព្រឹត្តិការណ៍អំលុងប៉ុន្មានខែដំបូង ក្រោយសង្រ្គាមផ្ទុះឡើង រួមមានទាំងសមរភូមិទីក្រុង Mariupol ជាទីដែលអ្នកស្រុកបានរាយ​ការណ៍​ អំពីចំនួនជនស៉ីវិលស្លាប់ច្រើនជាដើម។

គួរបញ្ជាក់ថា យោងតាម UN ភាគច្រើននៃការបាត់បង់ជីវិតទាំងនោះ ត្រូវបានបង្កឡើងដោយគ្រឿងផ្ទុះដែលជះឥទ្ធិពលធំ ដូចជាគ្រាប់កាំភ្លើងធំ មីស៉ីល និងគ្រាប់បែកចង្កោម ជាដើម។ ម៉្យាងវិញទៀត ប្រមាណជិតពាក់កណ្តាលនៃចំនួនអ្នកស្លាប់ ក្នុងរយៈពេល៣ខែចុងក្រោយនេះ គឺបានកើតឡើងនៅឆ្ងាយពីតំបន់សមរភូមិមុខ ដោយសារតែ ការបាញ់មីស៉ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៉ី ហើយនិងការផ្ទុះគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានបន្សល់ទុកចោលពីសមរភូមិ៕

រូបភាពពី Reuters