(តូក្យូ)៖ នៅថ្ងៃពុធនេះ ជប៉ុនបាននិយាយថា នៅមិនទាន់ច្បាស់ទេថាកូរ៉េខាងជើងទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍ ចូលទៅក្នុងគន្លងតារាវិថី ដូចការអះអាងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Hirokazu Matsuno បាននិយាយថា ក្រសួងការពារជាតិជប៉ុនកំពុងធ្វើការវិភាគ លើការបាញ់បង្ហោះនោះ។ លោក Matsuno បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «យើងគិតថា ចាប់តាំងពីឆ្នាំមុនមក កូរ៉េខាងជើងបានធ្វើការបាញ់ម្តងហើយម្តងទៀត ដោយប្រើបច្ចេកវិទ្យាមីស៉ីលផ្លោងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ហើយកំពុងធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យាទាក់ទងនឹងមីស៉ីល និងសមត្ថភាពប្រតិបត្តិការរបស់វា»។ លោក Matsuno បានបន្ថែមថា «ការបាញ់ម្តងហើយម្តងទៀតរបស់កូរ៉េខាងជើ ងដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង ជាករណីមិនអាចអត់ឱនឲ្យបានទេ ហើយការកែលម្អយ៉ាងរហ័ស នៃបច្ចេកវិទ្យាមីស៉ីលក៏មិនអាចមើលរំលងបានដែរ»។
គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះ បានអះអាងពីជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតមួយរបស់ខ្លួន យកទៅដាក់នៅគន្លងតារាវិថី បន្ទាប់ពីទទួលបរាជ័យ ២លើកកន្លងមក៕
រូបភាពពី Reuters