(បាគូ)៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចោទប្រកាន់បារាំងថាកំពុងញុះញង់ឲ្យមានជម្លោះ នៅតំបន់កូកាស (Caucasus) តាមរយៈការបំពាក់អាវុធដល់អាមេនី ដែលជាគូប្រជែងជាយូរមកណាស់មកហើយរបស់ខ្លួន។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែវិច្ឆកា ឆ្នាំ២០២៣។

លោក Aliyev បានបញ្ជាក់នៅក្នុងសារជាលាយលក្ខណ៍អក្សរទៅកាន់សន្និសីទអន្តរជាតិនាទីក្រុងបាគូ យ៉ាងដូច្នេះថា «បារាំង កំពុងបន្តគោលនយោបាយ យោធានិយម ដោយការបំពាក់អាវុធ លើកទឹកចិត្តដល់កងកម្លាំងជាតិនិយមនៅក្នុងប្រទេសអាមេនី និងដាក់ចេញនូវមូលដ្ឋានគ្រឹះ សម្រាប់ការបង្កសង្គ្រាមថ្មីនៅក្នុងតំបន់របស់យើង»

នៅក្នុងសារជាលាយលក្ខណ៍អក្សរ ដែលអានដោយទីប្រឹក្សាគោលនយោបាយការបរទេសអាស៊ែបៃហ្សង់ លោក Aliyev បានបន្ថែមថា «ទីក្រុងប៉ារីស ក៏កំពុងបង្កការរំខានដល់ស្ថិរភាព មិនត្រឹមតែនៅក្នុងដែនដីនៃអតីតអាណានិគមរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតំបន់កូកាសខាងត្បូងផងដែរ តាមរយៈការគាំទ្រនិន្នាការបំបែកខ្លួន ឬក្រុមផ្តាច់ខ្លួន»

គួរបញ្ជាក់ថា អាស៊ែបៃហ្សង់ និងអាមេនី ជាប់គាំងក្នុងជម្លោះទឹកដីរាប់ទស្សវត្សន៍ជុំវិញតំបន់ Nagorno-Karabakh ដែលអាស៊ែបៃហ្សង់ បានដណ្តើម កាន់កាប់ទាំងស្រុងកាលពីខែកញ្ញា។ បារាំងត្រូវបានអាស៊ែបៃហ្សង់រិះគន់ជារឿយៗ ចំពោះការព្យាយាមលាក់បាំងក្រុមគាំទ្រអាមេនី នៅក្នុងទឹកដីមានជម្លោះ៕

រូបភាពពី AFP