(ហ្កាហ្សា)៖ អ៉ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះបានប្រកាសរៀងៗខ្លួនពីការឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់ រយៈពេល ៤ថ្ងៃ ដើម្បីដោះដូរជាមួយចំណាប់ខ្មាំង ៥០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានអនុម័តលើកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ខាងលើ បន្ទាប់ពី កិច្ចប្រជុំមួយដែលចំណាយពេលពេញមួយយប់ ដោយលោក Netanyahu ផ្ទាល់បានប្រាប់ក្រុមរដ្ឋមន្ត្រីរបស់លោកថានេះគឺជាការសម្រេចចិត្ត ដ៏លំបាក ប៉ុន្តែវាក៏ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលអ៉ីស្រាអែលម្នាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថានៅក្រោមកិច្ចព្រមព្រៀងនេះ ចំណាប់ខ្មាំងជាជនជាតិអ៉ីស្រាអែល និងជនបរទេសយ៉ាងហោច ៥០នាក់ នឹងត្រូវបានដោះលែងឱ្យមានសេរីភាព ជាការដោះដូរនឹងបទឈប់បាញ់រយៈពេល ៤ថ្ងៃ។ បន្ថែមពីលើនេះ រាល់ការដោះលែងចំណាប់ខ្មាំង១០នាក់បន្ថែម ក៏នឹងដូរបានបទឈប់បាញ់ថ្ងៃផ្សេងបន្ថែមផងដែរ។ ចំណែក ក្រុមហាម៉ាសវិញក៏បានចេញ សេចក្ដីថ្លែងការណ៍ស្វាគមន៍បទឈប់បាញ់នេះដែរ ដោយអះអាងថានឹងនាំទៅរកការដោះលែងជនជាតិប៉ាឡេស្ទីន ១៥០នាក់ពីពន្ធនាគារ អ៉ីស្រាអែល។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ខាងលើត្រូវបានសម្របសម្រួលដោយប្រទេសកាតា។ ក្រុមហាម៉ាសត្រូវបានជឿជាក់បានចាប់ មនុស្សជាង ២៤០នាក់ជាចំណាប់ខ្មាំង ក្នុងការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់។ ប៉ុន្តែព្រមពេលជាមួយគ្នា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ក៏បានសម្លាប់ ជនជាតិប៉ាឡេស្ទីន ១៣,៣០០នាក់ផងដែរ ហើយ២ភាគ៣នៃប្រជាជនហ្កាហ្សាជាង ២.៣លាននាក់បាត់បង់ផ្ទះសម្បែង៕