(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះបាននិយាយថាខ្លួនបានសម្រេចចិត្តព្យួរផ្នែកខ្លះនៃកិច្ចព្រមព្រៀងយោធាមួយ ដែលបានចុះហត្ថលេខា ជាមួយកូរ៉េខាងជើងកាលពីឆ្នាំ២០១៨ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ទោះជាមានការព្រមានពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសម្រេចចិត្តខាងលើធ្វើឡើងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Han Duck-soo ខណៈលោកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កំពុងធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេស និងបានដឹកនាំកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រី និងប្រមុខចារកម្មកូរ៉េខាងត្បូង តាមប្រព័ន្ធវីដេអូ។

កិច្ចព្រមព្រៀងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ឬគេស្គាល់ថាកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ (Comprehensive Military Agreement) គឺមាន គោលដៅបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០១៨ រវាងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ កូរ៉េទាំង២ បានយល់ព្រមបង្កើតតំបន់ទ្រនាប់មួយជាទីដែលការធ្វើសមយុទ្ធបាញ់គ្រាប់ពិតត្រូវបានផ្អាក រួមទាំងតំបន់គ្មានការហោះហើរ រុះរើប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួន ចេញពីតំបន់ព្រំដែនគ្មានយោធា និងរក្សាខ្សែទូរស័ព្ទបន្ទាន់។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានអះអាងពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតមួយរបស់ខ្លួនយកទៅដាក់ នៅគន្លងតារាវិថី បន្ទាប់ពីទទួលបរាជ័យ ២លើកកន្លងមកនេះ។ ផ្កាយរណបស៊ើបការណ៍នេះមានឈ្មោះថា Malligyong-1 ត្រូវបានបាញ់ចេញពីមូលដ្ឋាន បាញ់បង្ហោះផ្កាយរណប Sohae កាលពីម៉ោង ១០៖៤២នាទីយប់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយបានចូលទៅក្នុងគន្លងតារាវិថី នៅម៉ោង ១០៖៥៤នាទីយប់ថ្ងៃដដែល។

កូរ៉េខាងជើង ក៏បានប្ដេជ្ញាដែរថានឹងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍បន្ថែម ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ចំណែក សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថ្កោលទោសថាការបាញ់បង្ហោះផ្កាយរណបនេះជាទង្វើបំពានលើទណ្ឌកម្មរបស់ UN និងកំពុងផ្ទៀងផ្ទាត់ទិន្នន័យថាតើកូរ៉េខាងជើងពិតជាទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ដែរឬក៏យ៉ាងណា៕