(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់នៅថ្ងៃអង្គារសប្តាហ៍នេះ បានឆ្មក់ចូលផ្ទះរបស់មនុស្ស១៧នាក់ នៅក្នុងរដ្ឋ Bavaria ដោយចោទប្រកាន់ពួកគេពីបទផ្សព្វផ្សាយពាក្យសំដីញុះញង់ប្រឆាំងនឹងជនជាតិជ្វីហ្វ និងការគម្រាមកំហែងសំដៅទៅលើជនជាតិនេះតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ (DPA) បានរាយការណ៍ថា យោងតាមប៉ូលីសព្រហ្មទណ្ឌ ជនសង្ស័យរួមមានបុរស ១៥ នាក់ និងស្ត្រី ២នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៦២ឆ្នាំ។ ភ្នាក់ងារបាននិយាយថា ប៉ូលិសបានសួរចម្លើយជនសង្ស័យ និងរឹបអូសវត្ថុតាងពីផ្ទះរបស់ពួកគេ ដែលរួមមានទាំងទូរស័ព្ទដៃ និងកុំព្យូទ័រយួរដៃផងដែរ ។

ជនសង្ស័យត្រូវបានគេនិយាយថា បានសាទរចំពោះការវាយប្រហាររបស់ចលនាហាម៉ាសប៉ាឡេស្ទីន លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ហើយត្រូវបានចោទប្រកាន់ថា បានផ្សព្វផ្សាយពាក្យសម្ដីស្អប់ខ្ពើម និងញុះញង់ប្រឆាំងនឹងប្រជាជនជ្វីហ្វនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រើនិមិត្តសញ្ញានៃអង្គការភេរវករ ដែលត្រូវបានហាមឃាត់។

ជនសង្ស័យម្នាក់ត្រូវបានចោទប្រកាន់ថា បានផ្ញើស្ទីគ័រតាមកម្មវិធីផ្ញើសារ WhatsApp ដោយបង្ហាញពីត្លុកប្រឆាំងនឹងជនជាតិជ្វីហ្វ។ ទីភ្នាក់ងារព័ត៌មានអាឡឺម៉ង់ (DPA) បានរាយការណ៍ទៀតថា ជនសង្ស័យម្នាក់ទៀតជាជនជាតិតួកគី ក៏ត្រូវបានគេចោទប្រកាន់ថាបានបង្ហោះរូបថតរបស់មេដឹកនាំផ្តាច់ការណាស៊ី Adolf Hitler នៅបណ្តាញសង្គមរបស់ខ្លួន ភ្លាមៗបន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ជាមួយនឹងចំណងជើងថា «ខ្ញុំអាចសម្លាប់ជនជាតិយូដាទាំងអស់ ប៉ុន្តែខ្ញុំបានទុកពួកគេខ្លះឱ្យនៅរស់ ដើម្បីបង្ហាញអ្នកពីមូលហេតុដែលខ្ញុំសម្លាប់ពួកគេ»

គួរបញ្ជាក់ថា កាលពីខែមុន អធិការបតី និងប្រធានាធិបតីអាល្លឺម៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការប្រឆាំងនឹងពួកយូដាក្នុងប្រទេស បន្ទាប់ពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុញឡើង។ ប្រទេសអាល្លឺម៉ង់មានច្បាប់តឹងរ៉ឹងប្រឆាំងនឹងការផ្សព្វផ្សាយពាក្យសម្ពីស្អប់ខ្ពើម៕

រូបភាពពី Reuters