(​ណៃពិដោ)៖ របបសឹកមីយ៉ាន់ម៉ា បាន និងកំពុងប្រឈមមុខនឹងការវាយប្រហារនៅឯសមរភូមិជាច្រើន តាមបណ្ដោយតំបន់ព្រំដែន ខណៈចលនាបះបោរប្រដាប់អាវុធជនជាតិភាគតិច បានរួមដៃជាមួយចលនាគាំទ្រប្រជាធិបតេយ្យ ដើម្បីបង្កើនការវាយដណ្ដើមកាន់កាប់ទឹកដី និងប្រជែងអំណាចដឹកនាំដោយរបបសឹកសព្វថ្ងៃ។

កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ សម្ព័ន្ធភាពចលនាប្រដាប់អាវុធជនជាតិភាគតិចមួយ បានបើកការវាយប្រហារលើប៉ុស្តិ៍យោធា ស្ថិតនៅក្នុងរដ្ឋ Shan នៃភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយចិន ដោយដណ្ដើមកាន់កាប់បានប៉ុស្តន៍យោធាជាច្រើន រួមទាំងទីក្រុងយុទ្ធសាស្ត្រ ដ៏សំខាន់មួយផងដែរក្នុងប្រតិបត្តិមួយដែលពួកគេដាក់ឈ្មោះឱ្យថា «ប្រតិបត្តិការលេខ១០២៧» ដែលចង់សំដៅទៅលើកាលបរិច្ឆេទ បើកការវាយប្រហារ។

សម្ព័ន្ធភាពចលនាប្រដាប់អាវុធជនជាតិភាគតិចនេះមានឈ្មោះថា «សម្ព័ន្ធភាពភាតរភាពបងប្អូនទាំង៣ ឬ Three Brotherhood Alliance» បានប្រកាសថាគោលដៅចម្បងរបស់ពួកគេ គឺការពារអាយុជីវិតជនស៊ីវិល បញ្ជាក់ពីសិទ្ធិស្វ័យការពារខ្លួន ការពារ និងគ្រប់គ្រងទឹករបស់ខ្លួន ក៏ដូចជាឆ្លើយតបយ៉ាងដាច់ខាតទៅនឹងការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស ដែលកំពុងធ្វើឡើងយោធានៃ របបសឹក។ សម្ព័ន្ធភាពមួយនេះក៏បានប្ដេជ្ញាចិត្តផងដែរក្នុងការលុបបំបាត់ចោលនូវ «របបយោធាផ្ដាច់ការ» ព្រមទាំងការប្រយុទ្ធប្រឆាំងនឹង ល្បែងស៊ីសង និងការបោកប្រាស់តាមអនឡាញនៅតាមតំបន់ព្រំដែនរវាងមីយ៉ាន់ម៉ា និងចិន។

ចិនដែលមានឥទ្ធិពលដ៏សំខាន់មួយនៅក្នុងតំបន់ បានជំរុញឱ្យមានការបិទបញ្ចប់ការវាយប្រយុទ្ធគ្នា។ ប៉ុន្តែក្រុមអ្នកវិភាគ និងអ្នកការទូតខ្លះ បាននិយាយថាវាមិនទំនងនោះទេដែល «ប្រតិបត្តិការលេខ១០២៧» អាចធ្វើទៅកើតដោយមិនមានការបើកភ្លើងបៃតងពីចិន។

* ហេតុអ្វីប្រតិបត្តិការលេខ១០២៧ ទទួលបានការចាប់អារម្មណ៍ខ្លាំង?
ពិតមែនទៅ ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតាមតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាល ស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជីចេញពីអំណាចកាលពីឆ្នាំ២០២១មកម្ល៉េះ។ តែជាការកត់សម្គាល់ ការវាយលុករបស់ចលនាប្រដាប់ អាវុធជនជាតិភាគតិចនៅលើកនេះ គឺជាការគំរាមកំហែងផ្នែកយោធាធំបំផុតមិនធ្លាប់មានចំពោះរបបសឹក ចាប់តាំងពីមានរដ្ឋប្រហារ កាលពី ឆ្នាំ២០២១មក។ «សម្ព័ន្ធភាពភាតរភាពបងប្អូនទាំង៣ ឬ Three Brotherhood Alliance» ក្នុងនោះរួមមាន Myanmar National Democratic Alliance Army (MNDAA) Ta'ang National Liberation Army (TNLA) និង Arakan Army (AA) ដែលសុទ្ធសឹងជា ចលនាប្រដាប់អាវុធជាតិភាគតិចមានបទពិសោធន៍ក្នុងការធ្វើសង្រ្គាមជាមួយរបបសឹក។

កាន់តែសំខាន់ជាងនេះទៅទៀត សម្ព័ន្ធភាពទាំង៣នេះ ក៏បានរួមដៃគ្នាជាមួយកងកម្លាំងការពារប្រជាជនគាំទ្រដោយរដ្ឋាភិបាលស្រមោល របស់មីយ៉ាន់ម៉ា (NUG) ទៀតផង ហើយដែលនេះបង្ហាញពីការសហការគ្នាក្នុងកម្រិតខ្ពស់មិនធ្លាប់មានចាប់តាំងពីផ្ទុះរដ្ឋប្រហារមក ដោយ កងកម្លាំងប្រជាធិបតេយ្យក៏បានជួយដល់ការវាយបង្អាក់ការផ្គត់ផ្គង់នានាពីសំណាក់យោធាមីយ៉ាន់ម៉ាទៅឱ្យកងទ័ពរបស់ខ្លួនដែរ។ យោធា មីយ៉ាន់ម៉ាសព្វថ្ងៃ កំពុងប្រឈមនឹងការវាយប្រហារជាលើសមរភូមិជាច្រើន។ តួយ៉ាង ក្រោយរងការវាយប្រហារនៅក្នុងរដ្ឋ Shan កាលពី ពេលថ្មីៗនេះ យោធាមីយ៉ាន់ម៉ាត្រូវប្រឈមនឹងការវាយលុកពីចលនាប្រដាប់អាវុធ Arakan Army (AA) ប្រឆាំងនឹងប៉ុស្តិ៍យោធាជាច្រើន នៅរដ្ឋ Rakhine ខណៈការវាយប្រហារពីចលនាបះបោរប្រដាប់អាវុធរាលដាលដល់រដ្ឋ Kayah ជាប់ព្រំដែនជាមួយថៃ និងតំបន់ Sagaing រួមទាំងរដ្ឋ Chin នៅជាប់ពំ្រដែនជាមួយឥណ្ឌា។

* តើជីវិតរបបសឹកមីយ៉ាន់ម៉ាប្រឈមនឹងការគំរាមកំហែងកម្រិតណា?
តាមក្រុមអ្នកវិភាគ វាដូចជាលឿនពេកហើយក្នុងការព្យាករពីវិសាលភាពនៃការគំរាមកំហែងដល់អំណាចដឹកនាំរបស់របបសឹកមីយ៉ាន់ម៉ា។ ក្រុមឧត្តមសេនីយ៍ធំៗបានដឹកនាំប្រទេសមីយ៉ាន់ម៉ា ៥ទសវត្សរ៍ក្នុងចំណោម ៦ទសវត្សរ៍មកនេះ និងមានបទពិសោធន៍ជោគជាំក្នុងសមរភូមិ ជាមួយចលនាបះបោរប្រដាប់អាវុធជនជាតិភាគតិច។ ប៉ុន្តែ ប្រតិបត្តិការលេខ១០២៧ គឺជាការផ្ដល់មេរៀនដ៏ជូរចត់មួយដល់យោធាមីយ៉ាន់ម៉ា ដែលមានបទពិសោធន៍ប្រយុទ្ធប្រឆាំងជាមួយចលនាបះបោរប្រដាប់អាវុធអស់រយ​ៈពេលរាប់ទសវត្សរ៍។ ចលនាបះបោរប​្រដាប់អាវុធកំពុងមាន ស្មារតីប្រយុទ្ធខ្លាំង និងកំពុងធ្វើតេស្ដរកចំណុចខ្សោយរបស់កងទ័ពក្នុងតំបន់ជាច្រើន ខណៈទាញយកប្រយោជន៍ពីការឆ្លើយតបយឺតយ៉ាវរបស់ របបសឹក និងរឹបអូសអាវុធខ្នាតតូច គ្រាប់កាំភ្លើង កាំភ្លើងយន្ដ និងរថពាសដែកជាដើម ក្រោយកងទ័ពមីយ៉ាន់ម៉ារត់ចោលប៉ុស្តិ៍យោធាជាច្រើន។

ប្រតិបត្តិការលេខ១០២៧ ដែលទទួលបានការសាទរក្នុងប្រទេសមីយ៉ាន់ម៉ា និងកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់នៅលើបណ្ដា សារព័ត៌មាន គឺជាការប្រជែងមួយដ៏ធំចំពោះការលើកឡើងរបស់យោធាមីយ៉ាន់ម៉ា ដែលថាអំណាចរបស់ខ្លួនមិនមាននរណាអាចមកប្រជែង បាន។ របបសឹកមីយ៉ាន់ម៉ា មិនមានជម្រើសច្រើននោះទេ ក្រៅតែពីទទួលស្គាល់ថាអំណាចរបស់ខ្លួនកំពុងស្ថិតនៅក្រោមការធ្វើតេស្ដ ក្រោយ ប្រធានាធិបតីនៃរបបសឹកព្រមានថាមីយ៉ាន់ម៉ាកំពុងប្រឈមនឹងហានិភ័យត្រូវពុះចែកទឹកដីជាចំណែកៗ។

* តើនឹងមានអ្វីកើតឡើង?
ដោយសារតែកេរ្តិ៍ឈ្មោះ របបសឹកមីយ៉ាន់ម៉ានឹងមិនចុះចាញ់ដោយងាយៗនោះទេ តែក្នុងពេលជាមួយគ្នា ពួកគេក៏អាចប្រឈមមុខនឹងការបះបោរ ប្រឆាំងនឹងអំណាចរបស់ខ្លួនកាន់តែច្រើនឡើងដែរនៅតាមតំបន់ដែលប្រជាប​្រិយភាពរបស់របបសឹកកំពុងធ្លាក់ចុះខ្លាំង។ យោធាមីយ៉ាន់ម៉ា មាន អំណាចយោធា និងធនធាន ក្នុងនោះមានទាំងយន្ដហោះចម្បាំង និងកាំភ្លើងធំ ហើយពួកគេនឹងព្យាយាមធ្វើការឆ្លើយតបមួយយ៉ាងខ្លាំងក្លា ដើម្បី បង្រ្កាបចលនាបះបោរប្រដាប់អាវុធ។ ពោលគឺការសម្រេចចិត្តដ៏ធំមួយសម្រាប់យោធាមីយ៉ាន់ម៉ា នោះគឺថាតើពួកគេត្រូវដាក់ពង្រាយកងកម្លាំង យោធា និងវាយប្រហារតាមផ្លូវអាកាសលើទីតាំងមួយណា? ការដាក់ពង្រាយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានឈានដល់កម្រិតខ្ពស់រួចទៅ ហើយ ដោយសារតែការកើនឡើងនៃការវាយប្រហារពីចលនាប្រដាប់អាវុធជនជាតិភាគតិច។ ដូច្នេះការសម្រេចចិត្តធ្វើការឆ្លើយតបទ្រង់ទ្រាយធំ លើសមរភូមិណាមួយ វាក៏នឹងអាចទាញកម្លាំងយោធាចេញពីសមរភូមិផ្សេងទៀតផងដែរ។

ក្នុងន័យនេះសេណារីយ៉ូមួយដែលអាចនឹងកើតឡើង នោះគឺរបបសឹកអាចនឹងបាត់បង់ការគ្រប់គ្រងទឹកដីនៅតាមតំបន់ព្រំដែនមួយចំនួន បើទោះជា នៅតែគ្រប់គ្រងអំណាចកណ្ដាលបានក៏ដោយ។ ម្យ៉ាងវិញទៀត ការអូសបន្លាយជម្លោះវាក៏នឹងក្លាយជាការធ្វើតេស្តមួយផងដែរចំពោះអំណាច និងឃ្លាំងអាវុធនៃភាគីជម្លោះទាំងសងខាង៕