(មូស្គូ)៖ រុស្ស៊ីមិនអាចរស់នៅជាមួយ «របប» ទីក្រុងកៀវនាពេលបច្ចុប្បន្ននេះបានទេ ប៉ុន្តែទីក្រុងមូស្គូអាចទប់ទល់នឹងអំណាចរបស់អង្គការណាតូបាន ដរាបណាមានតម្រូវការរំសាយអាវុធអ៊ុយក្រែនទាំងស្រុង នេះបើតាមការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ដែលបាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយចាប់ផ្តើមសង្គ្រាមដីគោកអឺរ៉ុបដ៏ធំមួយ និងការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីជម្រៅនៃសង្គ្រាមត្រជាក់។

រាប់បញ្ចូលទាំងតំបន់គ្រីមៀដែលរុស្សីបានបញ្ចូលក្នុងឆ្នាំ ២០១៤ ឥឡូវនេះរុស្ស៊ីបានគ្រប់គ្រង ១៧.៥% នៃទឹកដីអ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ការវាយលុករបស់អ៊ុយក្រែនបានបរាជ័យ ក្នុងការទទួលបានផលសំខាន់ណាមួយក្នុងឆ្នាំនេះប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

លោក Rodion Miroshnik មន្ត្រីការទូតជាន់ខ្ពស់បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូយ៉ាងដូច្នេះថា «របបបច្ចុប្បន្ននៅក្នុងទីក្រុងកៀវគឺពិតជាបំពុល យើងមិនឃើញជម្រើសណាមួយ ដែលអាចរួមរស់ជាមួយរបបបនេះបានទេ»។

លោកបាននិយាយទៀតថា អ៊ុយក្រែនបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល និងរំលោភសិទ្ធិមនុស្ស ខណៈដែលអង្គការណាតូបានផ្គត់ផ្គង់អាវុធដែលហាមឃាត់ដល់ទីក្រុងកៀវ។ លោកបានបន្ថែមថា ប្រទេសរុស្ស៊ីអាចទប់ទល់នឹងសម្ព័ន្ធមិត្តយោធាអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដរាបណាមានតម្រូវការក្នុងការកម្ចាត់កងកម្លាំងអ៊ុយក្រែននៅក្នុងអ្វីដែលទីក្រុងម៉ូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» ឬ SMO ដោយបន្ថែមថា លោកខាងលិចនឹងបាត់បង់ចំណាប់អារម្មណ៍ជាយថាហេតុនៅពេលណាមួយ ហើយអាជ្ញាធរបច្ចុប្បន្ននៅទីក្រុងកៀវនឹងដួលរលំជាមិនខាន៕

រូបភាពពី TASS