(បេរូត)៖ ទីភ្នាក់ងារសារព័ត៌មានលីបង់បានរាយការណ៍ថា អ្នកកាសែតពីរនាក់ដែលធ្វើការឱ្យប៉ុស្តិ៍ទូរទស្សន៍លីបង់ និងមនុស្សទីបីត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលនៅក្បែរព្រំដែនលីបង់-អ៊ីស្រាអែល នៅថ្ងៃអង្គារ (២១ វិច្ឆិកា) នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារនេះបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតទីក្រុង Ter Harfa របស់លីបង់ ដែលស្ថិតប្រហែលមួយម៉ាយពីព្រំដែនអ៊ីស្រាអែល។

ទូរទស្សន៍ Al-Mayadeen របស់ប្រទេសលីបង់ ដែលអ្នកកាសែតរបស់ខ្លួនទាំងពីរនាក់ដែលបានស្លាប់នោះ បាននិយាយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារ និងបានកំណត់គោលដៅអ្នកកាសែតដោយចេតនា។

ទោះជាយ៉ាងណា កងទ័ពអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការលើកឡើងនេះទេ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីក្រុមហាម៉ាស់ ដែលជាសម្ព័ន្ធមិត្តរបស់ហេសបូឡា បានបើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។

ការកើនឡើងនៃអំពើហឹង្សាតាមព្រំដែន បានធ្វើឱ្យលោកខាងលិចព្រួយបារម្ភអំពីការរីករាលដាលសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលអាចអូសទាញសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យចូលពាក់ព័ន្ធ។

វាជាអំពើហឹង្សាដ៏អាក្រក់បំផុតនៅតាមព្រំដែន ចាប់តាំងពីអ៊ីស្រាអែល និងហេសបូឡា បានធ្វើសង្រ្គាមក្នុងឆ្នាំ ២០០៦ ហើយមកទល់ពេលនេះការផ្ទុះអាវុធបានសម្លាប់យុទ្ធជនហេសបូឡាជាង ៧០នាក់ ជនស៊ីវិលលីបង់ ១៣នាក់ ទាហានអ៊ីស្រាអែល ៧នាក់ និងជនស៊ីវិលអ៊ីស្រាអែលចំនួន ៣នាក់ផងដែរ៕

រូបភាពពី Reuters