(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសថា កម្មវិធីល្បាតដែនសមុទ្រនិងដែនអាកាសរួមគ្នា នៅឯតំបន់សមុទ្រចិនខាងត្បូង រវាងប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិក គឺត្រូវបានចាប់ផ្តើមហើយនាថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
សេចក្តីប្រកាសខាងលើរបស់មេដឹកនាំហ្វីលីពីនធ្វើឡើង ចំពេលមួយដែលទំនាក់ទំនង បាននិងកំពុងត្រូវរឹតបន្តឹងជាខ្លាំងនៅក្នុងឆ្នាំនេះ រវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ដែលរួមមានទាំងការសម្រេចចិត្តបង្កើនជិតទ្វេដង នូវចំនួនមូលដ្ឋានទ័ពហ្វីលីពីន ដែលយោធាអាមេរិកមានសិទ្ធិប្រើប្រាស់ ហើយក្នុងចំណោមនោះ មូលដ្ឋានយោធាខ្លះ ស្ថិតនៅបែរមុខទៅរកកោះតៃវ៉ាន់ ព្រមទាំងសមុទ្រចិនខាងត្បូង។ លោក Marcos បាននិយាយដូច្នេះថា «កិច្ចផ្តួចផ្តើមដ៏សំខាន់មួយនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ដើម្បីពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា រវាងកងកម្លាំងយោធារបស់យើង នៅក្នុងការងារល្បាតតាមដែនសមុទ្រ ក៏ដូចជាតាមដែនអាកាស»។
បើតាមលោកប្រធានាធិបតីហ្វីលីពីន កិច្ចការល្បាតរួមគ្នានោះនឹងប្រព្រឹត្តទៅនៅក្បែរកោះ Mavulis ដែលជាកោះស្ថិតនៅចុងបំផុត នៃភាគខាងជើងប្រទេសហ្វីលីពីន ចម្ងាយប្រហែល១០០គីឡូម៉ែត្រពីតៃវ៉ាន់។ លោក Marcos បានធ្វើសេចក្តីប្រកាសបែបនេះ នៅ១ថ្ងៃបន្ទាប់ពីលោកបានប្រាប់វេទិកាមួយ នៅរដ្ឋ Hawaii នៃសហរដ្ឋអាមេរិក ថាស្ថានការណ៍នៅសមុទ្រចិនខាងត្បូង បានឈានដល់សភាពកាន់តែដុនដាបជាងមុន ក្រោយមានការប្រឈមមុខគ្នាជាបន្តបន្ទាប់ ជាមួយនាវាឆ្មាំសមុទ្រចិន នៅបរិវេណតំបន់មានបញ្ហាវិវាទនៃដែនសមុទ្រនោះ។
គួរបញ្ជាក់ថា កម្មវិធីល្បាតដែនសមុទ្រនិងអាកាសរួមខាងលើ មុខជានឹងធ្វើឱ្យចិនក្តៅស្លឹកត្រចៀកថែមទៀតមិនខានឡើយ ដ្បិតទីក្រុងប៉េកាំងធ្លាប់បានព្រមាន ហ្វីលីពីនម្តងហើយម្តងទៀត ប្រឆាំងនឹងការធ្វើសកម្មភាពទាំងឡាយជាមួយសហរដ្ឋអាមេរិក ដែលខ្លួនអះអាងថា អាចបង្កើនភាពតានតឹងនៅក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍មួយពីយោធាហ្វីលីពីន គឺខាងហ្វីលីពីននឹងចល័តនាវាយោធាជើងទឹក៣គ្រឿង យន្តហោះចម្បាំងធុនស្រាល FA-50 ២គ្រឿង និងយន្តហោះវាយប្រហារធុនស្រាល A-29B ១គ្រឿង ខណៈខាងសហរដ្ឋអាមេរិកវិញ នឹងចល័តនាវាចម្បាំងធុនស្រាលប្រភេទ LCS ១គ្រឿង រួមជាមួយយន្តហោះល្បាតនិងស៉ើបការណ៍ដែនសមុទ្រ P9-A ១គ្រឿង៕
រូបភាពពី Reuters