(មូស្គូ)៖ រុស្ស៊ីបាននិយាយនៅថ្ងៃអង្គារថា កងម៉ារីន កងទ័ពអាកាស និងកាំភ្លើងធំបានទប់ស្កាត់ការវាយបករបស់អ៊ុយក្រែនបន្ថែមទៀត ដើម្បីទទួលបានទីតាំងឈរជើងនៅឯច្រាំងខាងកើតនៃទន្លេ Dnipro និងនៅលើកោះមួយនៅមាត់ទន្លេភាគខាងត្បូងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងខែវិច្ឆិកានេះ អ៊ុយក្រែននិយាយថាកងកម្លាំងរបស់ខ្លួនបានឆ្លងកាត់ទន្លេ Dnipro និងបង្កើតទីតាំងឈរជើងជាច្រើន នៅលើច្រាំងទន្លេភាគខាងកើត ទោះបីជារុស្ស៉ីអះអាងថាកំពុងវាយកម្ទេចទីតាំងអ៊ុយក្រែនក៏ដោយ។ ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា កងម៉ារីននៃកងនាវាសមុទ្រខ្មៅ កំពុងបញ្ឈប់ការប៉ុនប៉ងទាំងអស់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីឈរជើងនៅលើកោះ Dnipro និងច្រាំងខាងឆ្វេងនៃទន្លេ Dnipro។ កងកម្លាំងអ៊ុយក្រែនបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបាត់បង់សម្ភារៈក្នុងការប៉ុនប៉ង ដែលបរាជ័យនេះ។ ដោយឡែក Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យ ពីសមរភូមិបាននោះទេ។

គួរបញ្ជាក់ថា គិតទាំងតំបន់គ្រីមៀ ដែលកាត់បញ្ចូលជាឧបសម្ព័ន្ធកាលពីឆ្នាំ ២០១៤ រុស្ស៉ីឥឡូវនេះគ្រប់គ្រងបាន ១៧.៥% នៃទឹកដីដែលទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន៕

រូបភាពពី Reuters