(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បាននិយាយថា វានឹងជាកំហុសធ្ងន់ធ្ងរមួយ នៅក្នុងការទូតរបស់អាហ្សង់ទីន ប្រសិនបើ​ប្រទេសអាមេរិកខាងត្បូងមួយនេះ សម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសធំ ដូចជាចិនឬមួយក៏ប្រេស៉ីល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រី Mao Ning ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់​អាហ្សង់ទីន ហើយរដ្ឋាភិបាលអាហ្សង់ទីនផ្តល់សារសំខាន់ជាខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយចិន។ លោកស្រីអ្នកនាំពាក្យបានបន្តថា ភាគីទាំងពីរមានភាពបំពេញបន្ថែមសេដ្ឋកិច្ចគ្នា យ៉ាងរឹងមាំ ហើយមានសក្តានុពលធំសម្រាប់កិច្ចសហប្រតិបត្តិការ ដូច្នេះការកាត់ផ្តាច់ទំនាក់ទំនង នឹងក្លាយជាកំហុសធ្ងន់ធ្ងរមួយ សម្រាប់អាហ្សង់ទីន។ លោកស្រី Mao បានបន្ថែមថា ចិនស្ម័គ្រចិត្តបន្តធ្វើការងារជាមួយអាហ្សង់ទីនជានិច្ច ដើម្បីលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍរយៈពេលវែង នៃទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន អាហ្សង់ទីនបានបោះឆ្នោតជ្រើសរើស លោក Javier Milei ជាប្រធានាធិបតីថ្មីរបស់ខ្លួន ខណៈអ្នកនយោបាយរូបនេះ ធ្លាប់បានរិះគន់ចិននិងប្រេស៉ីល ដោយនិយាយថា លោកនឹងមិនទាក់ទងជាមួយពួកកុម្មុយនិស្តឡើយ ហើយចង់ពង្រឹងទំនាក់ទំនងឱ្យរឹងមាំជាមួយសហរដ្ឋអាមេរិក។ យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA Novosti ដែល​បានដកស្រង់សម្តីលោកស្រី Diana Mondino ដែលត្រូវគេរំពឹងថា នឹងក្លាយជារដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនថ្មី ក្រោមរដ្ឋបាលលោក Milei គឺអាហ្សង់ទីននឹងមិនចូលរួមក្នុងក្រុមប្រទេស BRICS នោះទេ។

អាហ្សង់ទីនស្ថិតក្នុងចំណោមប្រទេសចំនួន៦ ដែលត្រូវបានអញ្ជើញឱ្យក្លាយជាសមាជិកថ្មីរបស់ BRICS ដែលជាប្លុកប្រទេសរួមមាន ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង។ លោកស្រី Mondino ក៏បានប្រាប់ទីភ្នាក់ងារព័ត៌មាន RIA Novosti ផងដែរថា អាហ្សង់ទីននឹងឈប់ធ្វើប្រាស្រ័យទាក់ទង ជាមួយរដ្ឋាភិបាលចិននិងប្រេស៉ីល នៅពេលត្រូវបានសាកសួរថា តើអាហ្សង់ទីន​នឹងលើកទឹកចិត្តការនាំចេញនិងនាំចូល ជាមួយប្រទេសទាំងពីរដែរឬទេ៕

រូបភាពពី Reuters