(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានមកដល់ទីក្រុងកៀវនៅថ្ងៃអង្គារនេះ សម្រាប់ដំណើរទស្សនកិច្ចមួយ ដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុន ដើម្បីបញ្ជាក់ជាសាជាថ្មីនូវការគាំទ្ររបស់ទីក្រុងបែរឡាំង សម្រាប់អ៊ុយក្រែននៅក្នុងសង្រ្គាមតស៊ូប្រឆាំង ការឈ្លានពានរបស់កងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
វាគឺជាដំណើរទស្សនកិច្ចលើកទី២ របស់លោក Pistorius មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីលោកបានក្លាយជា ប្រមុខការពារជាតិអាល្លឺម៉ង់ កាលពីដើមឆ្នាំ២០២៣នេះ ហើយកើតឡើងនៅត្រឹមតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានបំពេញទស្សនកិច្ចមិនប្រកាសឱ្យដឹងជាមុនផងដែរ មកកាន់អ៊ុយក្រែន ដើម្បីធានាពីការបន្តគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន។ លោក Pistorius បានមកដល់ទីក្រុងកៀវតាមរយៈរថភ្លើង ពោលគឺតាមមធ្យោបាយធ្វើដំណើរ ដូចគ្នាទៅនឹងលោក Austin ហើយលោកនឹងត្រូវជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន ព្រមទាំងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
លោកប្រមុខការពារជាតិអាល្លឺម៉ង់ បានលើកឡើងនៅរដ្ឋធានីអ៊ុយក្រែនយ៉ាងដូច្នេះថា «ខ្ញុំស្ថិតនៅទីនេះជាថ្មីម្តងទៀត ដែលជាចម្បងបំផុត គឺដើម្បីប្តេជ្ញាការបន្តគាំទ្រថែមទៀត ហើយមិនតែប៉ុណ្ណោះ គឺដើម្បីសម្តែងពីសាមគ្គីភាពនិងចំណងទាក់ទងយ៉ាងស៉ីជម្រៅ ព្រមទាំងការស្ងើចសរសើររបស់យើងផងដែរ សម្រាប់ភាពអង់អាចក្លាហាន និងការខិតខំប្រយុទ្ធតស៊ូ ដែលកំពុងប្រព្រឹត្តទៅនៅទីនេះ»។
គួរបញ្ជាក់ថា អាល្លឺម៉ង់ជាប្រទេសដែលផ្គត់ផ្គង់ជំនួយយោធាច្រើនលំដាប់ទី២ ដល់ទីក្រុងកៀវបន្ទាប់ពីសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិនៃប្រទេសទាំងពីរ នាពេលនេះ ស្តែងឱ្យឃើញពីកិច្ចប្រឹងប្រែងខិតខំព្យាយាមផ្តល់ទំនុកចិត្តដល់អ៊ុយក្រែន ក្រោយការផ្តោតសំខាន់ ត្រូវបានបង្វែរទៅកាន់សង្រ្គាមរវាងប្រទេសអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់មជ្ឈិមបូព៌ា ហើយបង្កឱ្យមានក្តីបារម្ភអំពីការថយចុះការគាំទ្រសម្រាប់ទីក្រុងកៀវ៕
រូបភាពពី Reuters