(ព្រុចសែល)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Josep Borrell ដែលជាប្រមុខគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) បានលើកឡើងថា ការបង្កើតរដ្ឋឬប្រទេសប៉ាឡេស្ទីន នឹងជាមធ្យោបាយប្រសើរជាងគេបង្អស់ ដើម្បីធានាសន្តិសុខសម្រាប់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Borrell បានបើកកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ ជាមួយក្រុមរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២៧ ដែលជាសមាជិក EU បន្ទាប់ពីរូបលោកបានបំពេញទស្សនកិច្ច ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពិភាក្សាអំពីវិបត្តិសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅឯដែនដីប៉ាឡេស្ទីន Gaza Strip។

ប្រមុខការទូតកំពូលរបស់ EU រូបនេះ បាននិយាយថា លោកបានឈានដល់សេចក្តីសន្និដ្ឋាននយោបាយមួយ ដោយផ្អែកលើកិច្ចពិភាក្សា​ជាមួយបណ្តាប្រទេសអារ៉ាប់។ លោក Borrell បាននិយាយដូច្នេះថា «បើតាមការយល់ឃើញផ្ទាល់របស់ខ្ញុំ ការធានាដែលប្រសើរបំផុត សម្រាប់សន្តិសុខរបស់ប្រទេសអ៉ីស្រាអែល គឺការបង្កើតរដ្ឋឬប្រទេសប៉ាឡេស្ទីនមួយ»

លោក Borrell ក៏បានទទូចផងដែរថា អ៉ីស្រាអែលមិនគួរនៅត្រួតត្រាលើតំបន់ Gaza ក្រោយសង្រ្គាមបច្ចុប្បន្នបញ្ចប់ទៅវិញនោះឡើយ ដោយភារកិច្ចគ្រប់គ្រងដែនដីប៉ាឡេស្ទីនមួយនេះ គួរតែត្រូវប្រគល់ទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន។

គួរបញ្ជាក់ថា រយៈពេលជាង១ខែមកហើយ អ៉ីស្រាអែលកំពុងបន្តប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ក៏ដូចជាតាមផ្លូវគោក យ៉ាងខ្លាំងក្លាមិនធ្លាប់មាន ដើម្បីសងសឹកចំពោះ ការចូលលុកលុយរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ ការវាយប្រហាររបស់ហាម៉ាសលើអ៉ីស្រាអែល នាពេលនោះ បានផ្តាច់ជីវិតមនុស្ស១,២០០នាក់ ខណៈសកម្មភាពសងសឹករបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សកើនដល់ជាង ១៣,៣០០នាក់ហើយ នៅ Gaza៕

រូបភាពពី Reuters