(យូអិន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានលើកឡើងថា ការដាក់ឱ្យ UN ក្លាយជាអាណាព្យាបាលលើតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) គឺនឹងមិនអាចដោះស្រាយបញ្ហាជម្លោះនៅទីនោះឡើយ ខណៈផ្ទុយទៅវិញ លោកបានអំពាវនាវ ឱ្យមានពេលវេលាអន្តរកាលមួយ ដែលមានការចូលរួមពាក់ព័ន្ធពីក្រុមប្រទេសអារ៉ាប់និងសហរដ្ឋអាមេរិក ហើយឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Guterres បាននិយាយថា វាគឺជាសំខាន់ក្នុងការប្រែក្លាយសោកនាដកម្មនេះ ឱ្យក្លាយទៅជាឱកាសមួយ ដែលសម្រាប់លោកផ្ទាល់ គឺមានន័យថា ដើរនៅលើផ្លូវមួយដែលប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងមិនអាចត្រឡប់ក្រោយវិញបាន ឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ។ បើតាមលោក គឺក្រោយពេលសង្រ្គាមសព្វថ្ងៃ រវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស នៅតំបន់ Gaza បិទបញ្ចប់ទៅ អាជ្ញាធរប៉ាឡេស្ទីនមួយ ដែលត្រូវបានពង្រឹងឱ្យរឹងមាំ គឺក្លាយជាអ្នកទទួលខុសត្រូវនៅទីនោះ។

ប្រមុខ UN រូបនេះ បានបន្តថា យ៉ាងណាក្តី អាជ្ញាធរប៉ាឡេស្ទីនពុំអាចចូលទៅតំបន់ Gaza ដោយមានរថក្រោះអ៉ីស្រាអែលនៅពីក្រោយទេ ពោលមានន័យថា សហគមន៍អន្តរជាតិត្រូវតែពិចារណាទៅលើពេលវេលាអន្តរកាលមួយ ប៉ុន្តែលោកបានគូសបញ្ជាក់ថា ការដាក់ឱ្យ UN ធ្វើជា​អាណាព្យាបាលនៅ Gaza គឺមិនមែនជាដំណោះស្រាយមួយឡើយ។ ផ្ទុយមកវិញ លោកបានអំពាវនាវឱ្យមានភាគីជាច្រើនចូលរួមពាក់ព័ន្ធ ដែលនឹងមើលឃើញសហរដ្ឋអាមេរិក ធ្វើជាតួអង្គចម្បងដើម្បីធានាសន្តិសុខអ៉ីស្រាអែល ខណៈក្រុមប្រទេសអារ៉ាប់ធ្វើជាអ្នកគាំទ្រប៉ាឡេស្ទីន។

ជាចុងក្រោយ លោក Guterres បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «គ្រប់គ្នាត្រូវតែរួមសហការគ្នា ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ពេលវេលា​អន្តរកាលមួយ ដែលអនុញ្ញាតឱ្យអាជ្ញាធរប៉ាឡេស្ទីនរឹងមាំមួយ អាចក្លាយជាអ្នកទទួលខុសត្រូវនៅតំបន់ Gaza ហើយបន្តពីចំណុចនោះ ឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»។

គួរបញ្ជាក់ថា លោកអគ្គលេខាធិការ UN ក៏បានថ្កោលទោសជាថ្មីម្តងទៀតផងដែរ ចំពោះការសម្លាប់ជនស៉ីវិល ជាពិសេសកុមារនៅក្នុង​តំបន់ Gaza ស្របពេលដែលអ៉ីស្រាអែលកំពុងបន្តប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ក៏ដូចជាតាមផ្លូវគោកយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ដើម្បីសងសឹកចំពោះការចូលលុកលុយ របស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ ការវាយប្រហាររបស់ហាម៉ាសលើអ៉ីស្រាអែល នាពេលនោះ បានផ្តាច់ជីវិតមនុស្ស១,២០០នាក់ ខណៈសកម្មភាពសងសឹករបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សកើនដល់ជាង ១៣,៣០០នាក់ហើយ នៅ Gaza៕

រូបភាពពី AFP