(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ជំនួយយោធា១០០លានដុល្លារថ្មីទៀត សម្រាប់អ៊ុយក្រែន ស្របពេលដែលរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងកៀវ លោក Austin បាននិយាយដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំប្រកាសអំពីការផ្តល់ជំនួយយោធាចំនួន ១០០លានដុល្លារថែមទៀត ដើម្បីផ្តល់គ្រាប់កាំភ្លើងធំ គ្រាប់ប្រព័ន្ធការពារដែនអាកាស ព្រមទាំងគ្រាប់សម្រាប់ប្រឆាំងរថក្រោះជាដើម ឱ្យទៅអ៊ុយក្រែន»។ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លោករដ្ឋមន្រ្តីការពារជាតិអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៉ីនតោននឹងបន្តផ្តល់ការគាំទ្រ សម្រាប់រយៈយូរអង្វែងទៅមុខទៀត។

រីឯនៅទីក្រុងវ៉ាស៉ីនតោនវិញ ក្រសួងការបរទេសអាមេរិក បាននិយាយថា ជំនួយថ្មីខាងលើ នឹងរួមមានទាំងគ្រាប់សម្រាប់អាវុធធុនតូចចំនួន ៣លានគ្រាប់ ហើយនិងសម្ភារសម្រាប់ ប្រព័ន្ធបាញ់រ៉ុក្កែត HIMARS។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងថា ការផ្តល់ការគាំទ្រយោធានេះ នឹងជួយបំពេញតម្រូវការបន្ទាន់ភ្លាមៗ នៅលើសមរភូមិរបស់អ៊ុយក្រែន ប៉ុន្តែវាជារឿងចាំបាច់ ដែលសភាអាមេរិកត្រូវតែធ្វើសកម្មភាពដើម្បីគាំទ្រអ៊ុយក្រែន តាមរយៈការអនុម័តសំណើកញ្ចប់ថវិកាជំនួយបន្ថែមរបស់​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធា១០០លានដុល្លារខាងលើ គឺនឹងត្រូវដកដើម្បីផ្តល់ឱ្យទៅអ៊ុយក្រែន ក្រោមកម្មវិធីពិសេសដែលមិនចាំបាច់ត្រូវ​ឆ្លងកាត់សភាឡើយ។ យ៉ាងណាក្តី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្យាយាមស្នើកញ្ចប់ជំនួយបន្ថែមទំហំ ៦១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។ យ៉ាងណាមិញ សំណើថវិកានោះបានជាប់គាំង ដោយសារតែផ្ទៃក្នុងគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាតំណាងរាស្រ្ត មានការ​ខ្វែងគំនិតគ្នាជុំវិញការផ្តល់ជំនួយឱ្យទីក្រុងកៀវ។ គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយសន្តិសុខសរុបជាង៤០ពាន់លានដុល្លារហើយ ឱ្យទៅអ៊ុយក្រែន៕

រូបភាពពី Reuters