មនុស្សម្នាក់ស្លាប់ និង៣នាក់រងរបួស ក្នុងករណីបាញ់ប្រហារនៅផ្សារ Walmart ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក (Video inside)
21-11-2023 13:12
(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា មនុស្សយ៉ាងហោចម្នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀត បានទទួលរងរបួស កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ក្នុងករណីបាញ់ប្រហារនៅផ្សារ Walmart មួយកន្លែងស្ថិតក្នុងទីក្រុង Beavercreek នៃរដ្ឋ Ohio។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប៉ូលិសទីក្រុង Beavercreek បាននិយាយថា ពួកគេបានបញ្ជូនកម្លាំងឆ្លើយតប សេចក្តីរាយការណ៍អំពីករណីបាញ់ប្រហារខាងលើ ហើយនៅត្រឹមពេលនេះ វាលែងបង្កការគំរាមកំហែងចំពោះសាធារណជនទៀតហើយ។ Beavercreek ជាទីក្រុងមួយមានមនុស្សរស់នៅប្រមាណ ៤៦,០០០នាក់។ យ៉ាងណាមិញ ខាងប៉ូលិសអាមេរិក មិនបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតនោះទេ ជុំវិញករណីបាញ់ប្រហារនេះ ដូចជាចំនួនជនរងគ្រោះ និងជនសង្ស័យ ជាដើម។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងរដ្ឋ Ohio ផ្ទាល់ រួមមាន WHIO និង Dayton Daily News ដែលផ្អែកលើប្រភពពីសាក្សី ហេតុការណ៍បាញ់ប្រហារខាងលើ ត្រូវបានបង្កឡើងដោយបុរសម្នាក់ ដែលប្រដាប់ដោយកាំភ្លើងវែង១ដើម៕