(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះបានជំរុញដល់លោក បង្កើនការសម្របសម្រួលឲ្យអ៉ីស្រាអែលចាត់វិធានការភ្លាមៗ រួមទាំងការបើកច្រកព្រំដែនដ៏សំខាន់ឡើងវិញ ដើម្បីបញ្ជូនជំនួយមនុស្សធម៌ទៅដល់ជនស៉ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងលិខិតមួយជូន លោក បៃដិន ក្រុមសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ បានសរសេរថា «ការលុបបំបាត់ការគំរាមកំហែងដែលបង្កឡើងដោយក្រុមហាម៉ាស និងការការពារជនស៉ីវិល មិនគួរត្រូវបានប្រើប្រាស់ឧទាហរណ៍ផ្ទាល់ខ្លួននោះទេ។ ពិតណាស់ ច្បាប់មនុស្សធម៌អន្តរជាតិ តម្រូវឲ្យមានការការពារជនស៉ីវិលអំឡុងពេលមានជម្លោះប្រដាប់អាវុធ»

លិខិតដដែលបានបន្ថែមថា «យើងមានការព្រួយបារម្ភថាការកើនឡើង និងការអូសបន្លាយនៃភាពឈឺចាប់ក្នុងតំបន់ហ្គាហ្សា មិនត្រឹមតែមិនអាចអត់ឲ្យបានសម្រាប់ជនស៉ីវិលប៉ាឡេស្ទីននៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែវានឹងជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខរបស់ជនស៊ីវិលអ៉ីស្រាអែល ដោយធ្វើឲ្យភាពតានតឹងស្រាប់កាន់តែធ្ងន់ធ្ងរទៅ និងលុបបំបាត់សម្ព័ន្ធភាពក្នុងតំបន់»

គួរបញ្ជាក់ថា លិខិតនេះត្រូវបានដឹកនាំដោយសមាជិកព្រឹទ្ធសភា លោកស្រី Tammy Baldwin លោក Tim Kaine និងលោក Chris Van Hollen អមដោយហត្ថលេខារបស់សមាជិកព្រឹទ្ធបក្សប្រជាធិបតេយ្យ ៨ផ្សេងទៀត។ ការដាក់លិខិតនេះធ្វើឡើង ខណៈដែលរដ្ឋបាលលោក បៃដិន បានប្រកាសពីការជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំង ២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធ អំឡុងការវាយលុកឆ្លងព្រំដែនចូលទៅក្នុងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ដោយឡែក សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

រូបភាពពី Reuters