(អង់ការ៉ា)៖ រដ្ឋមន្ត្រីសុខាភិបាលតួកគី បានឲ្យដឹងថា មនុស្សច្រើនជាង ១០០នាក់ដែលភៀសខ្លួនចេញពីតំបន់ហ្កាហ្សា បានមកដល់ប្រទេសតួកគីកាលពី ថ្ងៃចន្ទសប្តាហ៍នេះ ក្នុងនោះមានទាំងមនុស្សរាប់សិបនាក់ដែលត្រូវទទួលការព្យាបាលផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Fahrettin Koca ដែលជារដ្ឋមន្រ្តីសុខាភិបាលតួកគី បានបញ្ជាក់ថា អ្នកជំងឺ ៦១នាក់ និងសាច់ញាតិរបស់ពួកគេចំនួន ៤៩នាក់ បានមកដល់អេហ្ស៉ីប កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន ហើយចាកចេញមកកាន់ទីក្រុងអង់ការ៉ានៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីចំណាយពេលមួយយប់នៅមន្ទីរពេទ្យ Al Arish។ មន្រ្តីការបរទេសមួយរូបនេះបានឲ្យដឹងថាមនុស្សចំនួន ៨៧នាក់ ដាច់ដោយឡែកផ្សេទៀត រួមមានជនជាតិតួកគី ស៉ីប និងសាច់ញាតិរបស់ពួកគេ ដែលមកដល់អេហ្ស៉ីបកាលពីថ្ងៃអាទិត្យ ក៏ត្រូវហោះហើរមកកាន់ទីក្រុងអ៉ីស្តង់ប៊ុលនៅល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា កាលពីមួយខែមុន អនុរដ្ឋមន្ត្រីការបរទេសតួកគី លោក Ahmet Yildiz បាននិយាយថា មនុស្សប្រហែល ៧០០នាក់ រួមមានប្រជាជនតួកគី ប៉ាឡេស្ទីន និងស៉ីប បានដាក់ពាក្យស្នើសុំឲ្យជួយជម្លៀសពួកគេចេញពីតំបន់ហ្កាហ្សា៕

រូបភាពពី AFP