(ហ្កាហ្សា)៖ មេដឹកនាំក្រុមហាម៉ាស លោក អ៉ីស្មាអែល ហានីយេះ (Ismail Haniyeh) នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកានេះបាននិយាយថាចលនាប្រដាប់អាវុធ របស់លោកកំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក អ៉ីស្មាអែល ហានីយេះ ធ្វើការកត់សម្គាល់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញ Telegram។ មេដឹកនាំហាម៉ាសរូបនេះ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងកំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់»។ ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេពី លក្ខខណ្ឌ នៅក្រោមនៃកិច្ចព្រមព្រៀងនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍ដែរថាប្រទេសកាតា កំពុងសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងអ៉ីស្រាអែល និងហាម៉ាស ដោយដោះដូរចំណាប់ខ្មាំង ៥០នាក់ ជាមួយបទឈប់បាញ់មួយ មានរយៈពេល ៣ថ្ងៃ ដែលនឹងជួយសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិល។

ចំណែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទសប្ដាហ៍នេះដែរ បាននិយាយថាលោកផ្ទាល់ជឿជាក់អ៉ីស្រាអែល និងក្រុមហាម៉ាសកំពុងខិតកាន់ តែកៀក ទៅរកកិច្ចព្រមព្រៀងមួយនឹងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួនដែលកំពុងជាប់ក្នុងតំបន់ហ្កាហ្សា បើទោះជាអ៉ីស្រាអែលនៅតែបន្ត វាយលុកលើទីក្រុងហ្កាហ្សា ហើយនៅតែមានការបាញ់គ្រាប់រ៉ុក្កែតលើអ៉ីស្រាអែលវិញក៏ដោយ។

គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសបានសម្លាប់មនុស្ស ១២០០នាក់ ភាគច្រើនជា ជនស៊ីវិល និងចាប់មនុស្ស ២៤០នាក់ជាចំណាប់ខ្មាំង។ ប៉ុន្តែបើតាមក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា ចាប់ពីពេលនោះមកដែរ អ៉ីស្រាអែលបានបើកការវាយប្រហារសងសឹកទាំងតាមរយៈការទម្លាក់ គ្រាប់បែក និងប្រតិបត្តិការយោធាជើងគោក លើតំបន់ហ្កាហ្សាដោយសម្លាប់មនុស្ស ១៣,៣០០នាក់ ក្នុងនោះមានកុមារយ៉ាងហោច ៥៦០០នាក់ និងស្ត្រី ៣៥៥០នាក់៕

រូបភាពពី Reuters