(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយក្រុមយោធា គឺជាបញ្ហាដ៏លំបាកមួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយ ខណៈជម្លោះនេះកាន់តែខ្លាំងក្លាឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងក្នុងវេទិកាមួយនៅរដ្ឋហាវ៉ៃ លោក Marcos បាននិយាយថា មានការប្តេជ្ញាចិត្តពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែបញ្ហាគឺស្មុគស្មាញ រួមទាំងផលប៉ះពាល់មនុស្សធម៌ផងដែរ។
លោកបានសង្កត់ធ្ងន់ថា «មានកម្លាំងរុញច្រានយ៉ាងខ្លាំងសម្រាប់អាស៊ាន ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ ប៉ុន្តែវាជាបញ្ហាដ៏លំពិបាកមួយ»។
គួរបញ្ជាក់ថា ការបង្រ្កាបរបស់របបយោធាលើគូប្រជែង បន្ទាប់ពីរដ្ឋប្រហារបាននាំឱ្យមានការលេចឡើងនៃចលនាតស៊ូដ៏មានឥទ្ធិពលកាន់តែខ្លាំងឡើង។ អាស៊ានបានហាមមេទ័ពកំពូលរបស់ប្រទេសនេះ មិនឲ្យចូលរួមកិច្ចប្រជុំរបស់ពួកគេ លុះត្រាតែមីយ៉ាន់ម៉ាព្រមប្រកាន់ខ្ជាប់នូវផែនទីបង្ហាញផ្លូវសន្តិភាពដែលប្លុកនេះបានគូរកាលពីពីរឆ្នាំមុន។
ហ្វីលីពីននឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ជំនួសប្រទេសមីយ៉ាន់ម៉ាដែលជាម្ចាស់ផ្ទះក្នុងឆ្នាំនោះ។
អង្គការសហប្រជាជាតិនិយាយថា មនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០២១ ដោយបានបញ្ចប់រយៈពេលមួយទសវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យបណ្តោះអាសន្ន និងបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងជម្លោះ និងការបំផ្លិចបំផ្លាញសេដ្ឋកិច្ច៕
រូបភាពពី AFP