(វ៉ាស៊ីនតោន)៖ កាលពីប៉ុន្មានទសវត្សរ៍មុន សហរដ្ឋអាមេរិកមិនចាំបាច់ព្រួយបារម្ភពីនាវាមុជទឹករបស់ចិននោះទេ ដោយសារតែនាវាមុជទឹកចិនមានសំឡេងឮខ្លាំង និងងាយស្រួយតាមដាន។ ព្រមពេលពេលជាមួយ យោធាចិនក៏មិនទាន់មានសមត្ថភាពអាចចាប់សញ្ញា ឬតាមដាននាវាមុជទឹកមានសំឡេងស្ងាត់របស់សហរដ្ឋអាមេរិក បាននោះដែរ។ ក៏ប៉ុន្តែ ចិនកាន់តែមានភាពរីកចម្រើនទៅមុខក្នុងការផលិតនាវាមុជទឹកមានសំឡេងស្ងាត់ និងពង្រឹងសមត្ថភាពតាមដាននៅក្រោមសមុទ្រ ដែលនឹងបង្កបញ្ហាស្មុគស្មាញដ៏ធំដល់សហរដ្ឋអាមេរិក ក្នុងការរៀបចំផែនការយោធាសម្រាប់ជម្លោះពាក់ព័ន្ធនឹងកោះតៃវ៉ាន់ នៅពេលអនាគត។

កាលពីដើមឆ្នាំ២០២៣នេះ ចិនត្រូវបានរាយការណ៍ថាបានបញ្ជូននាវាមុជទឹកប្រយុទ្ធថ្មីមួយគ្រឿងដើរដោយថាមពលនុយក្លេអ៊ែរ ទៅក្រោមបាតសមុទ្រ ហើយ នេះជាលើកដំបូងបំផុតដែលបច្ចេកវិទ្យាកាត់បន្ថយសំឡេងធ្លាប់តែប្រើលើនាវាមុជទឹកស៊េរីចុងក្រោយរបស់អាមេរិក ត្រូវបានបំពាក់លើនាវាមុជទឹកចិន។ មិនតែប៉ុណ្ណោះ កាលពីខែសីហាកន្លងទៅ ចិនបានដឹកនាំការធ្វើសមយុទ្ធតាមប្រមាញ់នាវាមុជទឹក ដោយចំណាយពេលជាង៤០ម៉ោង នៅឯតំបន់សមុទ្រចិនខាងត្បូង ដោយមាន ការចូលរួមពីយន្ដហោះល្បាតប្រឆាំងនាវាមុជទឹកធុន Y-8 រាប់សិបគ្រឿង។ សមយុទ្ធនេះធ្វើឡើងតែប៉ុន្មានសប្ដាហ៍ ប៉ុណ្ណោះបន្ទាប់ពីកងទ័ពជើងទឹកចិន និងរុស្ស៉ី ធ្វើសមយុទ្ធយោធាប្រឆាំងនាវាមុជទឹករួមគ្នាក្នុងតំបន់សមុទ្រ Bering នៃតំបន់ឆ្នេររដ្ឋ Alaska។

* ពិបាកក្នុងការតាមប្រមាញ់
ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះសមត្ថភាពនាវាមុជទឹកចិន បានលេចចេញជារូបរាងកាន់តែច្បាប់ កាលពីខែមីនា ឆ្នាំ២០២៣ ជាពេលដែល លោកឧត្តមសេនីយ៍ Anthony Cotton ជាប្រមុខទីបញ្ជាការយុទ្ធសាស្ត្រកងទ័ពអាមេរិក បានលើកឡើងអំឡុងផ្ដល់សក្ខីកម្មចំពោះមុខសភាជាតិថាចិនបាន បំពាក់មីស៊ីលស៊េរីថ្មីនៅលើនាវាមុជទឹកប្រដាប់ដោយមីស៊ីលបាលិស្ទីគរបស់ខ្លួន ដែលអាចមានសមត្ថភាពវាយប្រហារចូលយ៉ាងជ្រៅក្នុងទឹកដីអាមេរិក។ ការតាមដាន សកម្មភាពនាវាមុជទឹកចិនប្រភេទនេះគឺជាអាទិភាពចម្បងមួយនៃកងទ័ពជើងទឹកអាមេរិក និងនាវាមុជទឹកប្រយុទ្ធ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចិនកំពុងប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាធ្វើឱ្យនាវាមុជទឹកធ្វើប្រតិបតិ្តការបានដោយស្ងៀមស្ងាត់។ បើតាមលោក Carlson ជាអតីតមន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់ នាវាមុជទឹកថ្មីរបស់ចិននឹងមានសំឡេងស្ងាត់ដូចជាប្រភេទនាវាមុជទឹកប្រយុទ្ធរុស្ស៉ី Akula I ដែលត្រូវបានដាក់ឱ្យដំណើរការតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ហើយ ការតាមដាននាវាមុជទឹកមានសំឡេងស្ងាត់បែបនេះពិតជាពិបាកខ្លាំងណាស់។ ជាការពិតណាស់ ក្រុមអ្នកវិភាគជាច្រើនជឿថាចិនមិនទាន់ ហើយក៏នឹងមិនអាចតាមទាន់ សហរដ្ឋអាមេរិកខាងបច្ចេកវិទ្យានាវាមុជទឹកបានទេ ក្នុងរយៈពេលខ្លី។ ជាឧទាហរណ៍ នាវាមុជទឹកអាមេរិកប្រដាប់ដោយមីស៊ីលបាលិស្ទីគប្រភេទ Virginia-class និង Columbia-class គឺសុទ្ធសឹងតែជានាវាមុជទឹកមានបច្ចេកវិទ្យាទំនើបៗនាំមុខចិន ខាងបច្ចេកវិទ្យាកាត់បន្ថយសំឡេង និងប្រព័ន្ធអាវុធជាដើម។ ក៏ប៉ុន្តែ ចិនក៏មិនចាំបាច់ ដាច់ខាតតាមឱ្យទាន់សហរដ្ឋអាមេរិកភ្លាមៗនោះដែរ ដោយគ្រាន់តែមាននាវាមុជទឹកធ្វើឱ្យគេពិបាកចាប់សញ្ញា និងតាមដាន ហើយផលិតវាឱ្យបានច្រើន នោះគឺអាច ជួយកាត់បន្ថយធនធាន និងសមត្ថភាពរបស់យោធាអាមេរិក ក្នុងការតាមដាននាវាមុជទឹករបស់ចិន។

* មហាកំពែងក្រោមទឹករបស់ចិន
ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលចិនបានអនុម័តផែនការសាងសង់បណ្ដាញ sensor ឬគេហៅថា «មហាកំពែងក្រោមទឹករបស់ចិន» នៅឯតំបន់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ជាទីដែលកោះតៃវ៉ាន់ស្ថិតនៅដើម្បីតាមដានតំបន់ទាំងមូល។ បណ្ដាញ sensor ក្រោមសមុទ្ររបស់ចិនត្រូវបានគេប្រដូចទៅនឹងបណ្ដាញ sensor Sound Surveillance System ឬហៅកាត់ថា Sosus ដែលអភិវឌ្ឍដោយសហរដ្ឋអាមេរិកអំឡុងសម័យសង្រ្គាមត្រជាក់ ដើម្បីតាមដានចាប់សញ្ញា នាវាមុជទឹកសូវៀត តាមរយៈបណ្ដាញ hydrophones ដំឡើងនៅក្រោមបាតសមុទ្រ។

កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ចិនក៏បានដំឡើងឧបករណ៍ស្ដាប់ក្រោមសមុទ្រ នៅក្បែរកោះ Guam ជាទីដែលនាវមុជទឹកអាមេរិកឈរជើង។ ការរីកចម្រើននៃបណ្ដាញ sensor ក្រោមសមុទ្ររបស់ចិន មានន័យថានាវាមុជទឹកអាមេរិកលែងអាចពឹងផ្អែកតែមួយគត់លើសមត្ថភាពបំបាំងកាយ ដើម្បីចៀសវាងពីការចាប់សញ្ញា ឬអាចធ្វើ ដំណើរបានដោយសេរីដូចមុនៗបានទៀតឡើយ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងតំបន់ដទៃទៀតមានទីតាំងស្ថិតកៀកនឹងចិន។ នេះបើតាមលោក Bryan Clark ជាអតីតមន្ត្រីកងទ័ពជើងទឹកអាមេរិក និងបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅវិទ្យាស្ថាន Hudson Institute មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។

* សហរដ្ឋអាមេរិកខ្លួនឯងកំពុងមានបញ្ហា
ការរីកចម្រើនទៅមុខរបស់ចិន ក៏បានគូសបញ្ជាក់ផងដែរពីបញ្ហារបស់សហរដ្ឋអាមេរិក នោះគឺការមិនអាចផលិតនាវាមុជទឹកតាមការផែនការកំណត់។ កងទ័ពជើងទឹក អាមេរិក បានចាប់ផ្ដើមបញ្ជូននាវាមុជទឹកជាច្រើនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងបានអះអាងថាពួកគេត្រូវការនាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៦៦គ្រឿង ដើម្បីអាចបំពេញបេសកកម្មនៅជុំវិញពិភពលោក។ សហរដ្ឋអាមេរិក មាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ៦៧គ្រឿង ប៉ុន្តែមានតែ ៤៩គ្រឿង ប៉ុណ្ណោះជានាវាមុជទឹកប្រយុទ្ធ ហើយការខ្វះខាតនេះគឺដោយសារតែការថយចុះនៃការផលិតចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមត្រជាក់មក។

កងកម្លាំងនៃនាវាមុជទឹកប្រយុទ្ធរបស់អាមេរិក ត្រូវបានគេព្យាករថានឹងថយចុះមកនៅ ៤៦គ្រឿងនៅឆ្នាំ២០៣០ ខណៈនាវាមុជទឹកស៊េរីចាស់ត្រូវដាក់ឱ្យចូលនិវត្តន៍ មុននឹងអាចបង្កើនចំនួននាវាមុជទឹកប្រយុទ្ធដល់ ៥០គ្រឿងឡើងវិញនៅឆ្នាំ២០៣៦ ប្រសិនបើអត្រាផលិតនាវាមុជទឹកប្រចាំឆ្នាំអាចឡើងដល់ ២គ្រឿងក្នុងមួយឆ្នាំ ពោលគឺកើនឡើងពីអត្រាបច្ចុប្បន្ន ១.២គ្រឿង។ កងទ័ពជើងទឹកអាមេរិកមានសុទិដ្ឋិនិយមថាខ្លួនអាចនឹងមាននាវាមុជទឹកប្រយុទ្ធ ៦៦គ្រឿង នៅឆ្នាំ២០៤៩។

គួរបញ្ជាក់ថា ចិនសព្វថ្ងៃ មាននាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ ៦គ្រឿង។ តែ ក្នុងការវាយតម្លៃប្រចាំឆ្នាំមួយស្ដីពីយោធាចិន ចេញផ្សាយក្នុងខែវិច្ឆិកានេះ មន្ទីរបញ្ចកោណបានព្យាករថាចិនអាចនឹងមាននាវាមុជទឹកប្រយុទ្ធប្រដាប់ដោយមីស៊ីលបាលិស្ទីគ ៨០គ្រឿង នៅឆ្នាំ២០៣៥៕