(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi នៅថ្ងៃចន្ទនេះបានបន្តជំរុញពិភពលោកឱ្យដាក់សម្ពាធបន្ថែម លើអ៊ីស្រាអែលឱ្យ «បញ្ឈប់អំពើឃោរឃៅរបស់ខ្លួន» នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលលោកស្រីបានថ្កោលទោស ការវាយប្រហារលើមន្ទីរពេទ្យឥណ្ឌូនេស៊ីនៅតំបន់ស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ​វាយឆ្មក់ចូលមន្ទីរពេទ្យឥណ្ឌូនេស៊ីនៅតំបន់ស្ទ្រីប កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ រួមទាំងជនស៊ីវិលផងដែរ។ ការវាយប្រហារចុងក្រោយនេះកើតឡើង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមជ្ឈមណ្ឌលវេជ្ជសាស្ត្រដ៏ធំបំផុតនៅហ្គាហ្សា គឺមន្ទីរពេទ្យ Al-Shifa អស់រយៈពេលជាច្រើនថ្ងៃ។

លោកស្រី Marsudi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូយ៉ាងដូច្នេះថា «ឥណ្ឌូនេស៊ីថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យឥណ្ឌូនេស៊ីនៅហ្គាហ្សា ដែលនាំឱ្យជនស៊ីវិលមួយចំនួនស្លាប់។ ការវាយប្រហារនេះគឺជាការរំលោភយ៉ាងច្បាស់លាស់នៃច្បាប់មនុស្សធម៌អន្តរជាតិ»

លោកស្រីបានបន្ថែមថា «ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីស្រាអែល ត្រូវតែប្រើប្រាស់ឥទ្ធិពល និងសមត្ថភាពទាំងអស់របស់ពួកគេ ដើម្បីជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់អំពើឃោរឃៅរបស់ខ្លួន»

លោកស្រីបាននិយាយទៀតថា ក្រសួងការបរទេសឥណ្ឌូនេស៊ីកំពុងព្យាយាមទាក់ទងគ្រូពេទ្យស្ម័គ្រចិត្តឥណ្ឌូនេស៊ីទាំងបីនាក់ ដែលនៅបន្តបាត់ខ្លួនគិតត្រឹមល្ងាចថ្ងៃចន្ទ ក្រោយការវាយលុកឆ្មក់របស់កងទ័ពអ៊ីស្រាអែល។ កាលពីមុន អ្នកស្ម័កចិត្តទាំងនោះបានច្រានចោលការផ្តល់ជូនរបស់រដ្ឋាភិបាលក្នុងការជួយជម្លៀសពួកគេ ដោយជ្រើសរើសការបន្តស្នាក់នៅដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលត្រូវបានគេជឿថាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៣,០០០ នាក់ ពោលគឺ ២ភាគ៣ នៃពួកគេជាស្ត្រី និងកុមារ។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនប៉ាន់ស្មានថា មនុស្សរាប់ពាន់នាក់នៅតែត្រូវបានកប់នៅក្រោមគំនរបាក់បែក នៃអគារដែលត្រូវបានបំផ្លាញ ខណៈដែលការទម្លាក់គ្រាប់បែកប្រចាំថ្ងៃនៅតែបន្តបំផ្លិចបំផ្លាញតំបន់ជុំវិញនោះ៕

រូបភាពពី AFP