(ហាវ៉ៃ)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសថា ប្រទេសរបស់លោកនឹងមិនបោះបង់ចោលដាច់ខាត នូវទឹកដីរបស់ខ្លួន ទោះបីចម្រៀកតូចប៉ុនណាក៏ដោយ ស្របពេលដែលទីក្រុងម៉ានីលប្រឈមមុខនឹង ភាពតានតឹងជាមួយទីក្រុងប៉េកាំង នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Marcos បានថ្លែងដូចខាងលើក្នុងវេទិកាមួយ នៅឯរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយវាកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅក្រៅកិច្ចប្រជុំកំពូល APEC ដែលបានប្រារព្ធឡើងនៅ​ទីក្រុង San Francisco។ អំលុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំទាំងពីរបានជជែកអំពីបញ្ហាជម្លោះដែនសមុទ្រ និងដំណោះស្រាយដើម្បីបន្ធូរ​បន្ថយភាពតានតឹងរវាងគ្នា។

លោកប្រធានាធិបតីហ្វីលីពីន បានលើកឡើងថា ស្ថានការណ៍នៅតំបន់សមុទ្រចិនខាងត្បូង បានឈានដល់សភាពកាន់តែតានតឹនខ្លាំងជាងមុន ហើយលោកបានសង្កត់ធ្ងន់ដូច្នេះថា «ដូចដែលខ្ញុំធ្លាប់បាននិយាយកន្លងមកយ៉ាងដូច្នោះ ហើយខ្ញុំនឹងនិយាយវាម្តងទៀត គឺប្រទេសហ្វីលីពីននឹង​មិនបោះបង់ទឹកដីរបស់ខ្លួនជាដាច់ខាត សូម្បីតែមួយសង់ទីម៉ែត្រក្រឡា ឱ្យទៅមហាអំណាចបរទេសណាមួយឡើយ»

គួរបញ្ជាក់ថា ភាពតានតឹងជាយូរមកហើយរវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង នៅតំបន់សមុទ្រចិនខាងត្បូង គឺបានកើនឡើងខ្លាំងក្នុងពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីកើតមានហេតុការណ៍ប្រឈមមុខគ្នាមួយចំនួន រវាងទូកក៏ដូចជានាវារបស់ហ្វីលីពីនហើយនិងចិន ដែលរួម​មានឧប្បត្តិហេតុប៉ះគ្នាតែម្តងចំនួន២ករណីផងដែរ។ អំលុងជំនួបកាលពីសប្តាហ៍មុន លោក Marcos និងលោក ស៉ី ជីនពីង បានឯកភាពគ្នាថា បញ្ហាវិវាទទឹកដីនៅតំបន់សមុទ្រចិនខាងត្បូង មិនគួរក្លាយជាធាតុចម្បង ដែលកំណត់និយមន័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ។

ដោយឡែក ក្នុងទស្សនកិច្ចនៅរដ្ឋហាវ៉ៃ លោក Marcos បានលើកសរសើរនូវការគាំទ្រយ៉ាងរឹងមាំសម្រាប់ហ្វីលីពីន ពីសំណាក់អាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួន រួមជាមួយអូស្រ្តាលី កូរ៉េខាងត្បូង និងជប៉ុនផងដែរ ដែលបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ​ការពារជាតិរបស់ពួកគេ ជាមួយប្រទេសហ្វីលីពីន នៅចំពោះមុខការកើនឡើង នៃអំណាចយោធារបស់ប្រទេសចិន៕

រូបភាពពីការិយាល័យប្រធានាធិបតីហ្វីលីពីន