(ប៉េកាំង)៖ ឆ្នាំនេះគឺជាខួបទី ៣០ នៃការបើកធ្វើកិច្ចប្រជុំក្រៅផ្លូវការលើកទីមួយ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ មនុស្សជាច្រើនសុទ្ធតែគិតពិចារណាថា តើត្រូវបង្កើត "៣០ឆ្នាំមាស" បន្ទាប់មួយទៀតនៃការអភិវឌ្ឍ របស់អាស៊ីប៉ាស៊ីហ្វិកដោយរបៀបណា? កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអំពាវនាវឱ្យបណ្តាភាគីនានាពួតដៃគ្នា ដើម្បីជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចកំណើនអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ ហើយបានសន្យាថា ប្រទេសចិននឹងផ្តល់កាលានុវត្តភាពថ្មីដល់ ការជំរុញឱ្យសម្រេចបាននូវការធ្វើទំនើបកម្មនៃបណ្តាប្រទេសនានា លើពិភពលោកតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជាបានផ្តល់ចម្លើយរបស់ប្រទេសចិន។

សូមក្រឡេកទៅមើលការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះសិន ។ កម្រិតពន្ធគយគិតជាមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះពី ១៧ ភាគរយមកនៅត្រឹម ៥ ភាគរយ អត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកល មានចំនួនដល់ទៅ ៧០ ភាគរយ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើងចំនួនបួនដង ហើយចំនួនប្រជាជន ១ ពាន់លាននាក់បានបម្រះខ្លួនចេញផុតពី ភាពក្រីក្រដោយជោគជ័យ។ល។ វាបានបង្កើត"អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក"ដែលគួរឱ្យកត់សម្គាល់។

នៅពីក្រោយអច្ឆរិយនៃការអភិវឌ្ឍបែបនេះមានពាក្យគន្លឹះចំនួនពីរ មួយគឺ "មធ្យោបាយដ៏សំខាន់" ក្នុងនាមជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់ ក្នុងតំបន់ អង្គការ APEC បានជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៃអាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដែលបានជួយជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកក្លាយជា មជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ មួយទៀតគឺ "បំណងដើម"។ អង្គការ APEC បានបង្កើតឡើងក្នុងបរិបទដែលសង្គ្រាមត្រជាក់ បានបញ្ចប់មិនជាយូរប៉ុន្មាននិងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បានក្លាយជាចរន្តយុគសម័យបន្តិចម្តងៗ ឆ្លងតាមរយៈការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ក្នុងតំបន់និងការធ្វើសមាហរណកម្ម អង្គការ APEC បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានលើកឡើងកម្មវត្ថុនិងគោលដៅមួយចំនួនដូចជា បង្កើនប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានភាពបើកទូលាយ និងកាត់បន្ថយរបាំងនៃពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ជាដើម។

រយៈពេល ៣០ ឆ្នាំបានកន្លងផុតទៅហើយ ពិភពលោកបានកើតមានបម្រែបម្រួលយ៉ាងខ្លាំង។ អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាខ្សែក្រវាត់ កំណើនដែលមានភាពរស់រវើកបំផុតនៃសេដ្ឋកិច្ចពិភពលោករួចហើយ ប៉ុន្តែស្របពេលជាមួយគ្នានេះ វាបាននិងកំពុងប្រឈមមុខនឹង ការសាកល្បងជាច្រើន ដូចជា ភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ការអភិវឌ្ឍដោយអតុល្យភាព ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ និងបម្រែបម្រួលអាកាសធាតុជាដើម។ ប្រទេសធំមួយចំនួនតូចបាននិងកំពុងញុះញង់ឱ្យ "ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់" និងធ្វើបដិបក្ខគ្នាជាក្រុមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានបង្កជាការរំខាននិងការបំផ្លិចបំផ្លាញ ដល់ការអភិវឌ្ឍក្នុងតំបន់។ ក្នុងបរិបទបែបនេះ លោកប្រធានរដ្ឋចិន Xi Jinping បានផ្តួចផ្តើមក្នុងកិច្ចប្រជុំកំពូលនៃអង្គការ APEC លើកនេះថា គួរ "ប្រកាន់ខ្ជាប់បំណងដើម សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ ក៏ដូចជាពួតដៃគ្នាជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចកំណើនអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់" ដែលមានភាពស៊ីសង្វាក់គ្នាជាមួយ គោលដៅរបស់អង្គការ APEC និងសម្របទៅតាមចរន្តអភិវឌ្ឍន៍នៃយុគសម័យ ហើយក៏កាន់តែឆ្លុះបញ្ចាំងពី សំឡេងរួមរបស់ប្រជាជនក្នុងតំបន់ផងដែរ។

ការសម្រេចបាននូវ "កំណើនប្រកបដោយគុណភាពខ្ពស់" នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវការកិច្ចសហប្រតិបត្តិការដោយស៊ីសង្វាក់គ្នា ជាពិសេសគឺ ប្រទេសធំៗគួរតែរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន និងដើរតួនាទីជាគំរូក្នុងការគាំពារស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជារួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ។ ពេលថ្មីៗនេះ កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅសាន់ហ្វ្រាន់ស៊ីស្កូ បានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ បានបំពេញបន្ថែមភាពប្រាកដប្រជា និងលើកកម្ពស់ភាពនឹងនរដល់ពិភពលោក ដែលបាននិងកំពុងឈានចូលដំណាក់កាល រង្គោះរង្គើនិងកំណែទម្រង់ ។

តាំងពីដើមមក បំណងដើមរបស់ប្រទេសចិនស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកមិនបានកែប្រែជាដរាប ដែលមិនត្រឹមតែបានចង្អុលបង្ហាញពីទិសដៅប៉ុណ្ណោះទេ ថែមទាំងក៏បានចាត់ប្រតិបតិ្តការជាក់ស្តែងផងដែរ ។ ពីអតីតកាលក្នុងប្រវត្តិសាស្ត្រដល់ពេលបច្ចុប្បន្ននេះរហូតដល់ពេលអនាគត តំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែជាវេទិកាអភិវឌ្ឍន៍ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជានិច្ច៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន