(តេហេរ៉ង់)៖ ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanaani បាននិយាយថា អ៉ីរ៉ង់សូមបដិសេធនូវការចោទប្រកាន់របស់អ៉ីស្រាអែល អំពីភាពជាប់ពាក់ព័ន្ធក្នុងការរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង នៅឯសមុទ្រក្រហមភាគខាងត្បូង ពីសំណាក់ក្រុមហ៊ូទី​របស់យេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចលនាប្រដាប់អាវុធហ៊ូទីក្នុងប្រទេសយេម៉ែនគាំទ្រដោយអ៉ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថាពួកគេ បានរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៉ីស្រាអែល ក្នុងតំបន់សមុទ្រក្រហម តែការអះអាងនេះត្រូវបានបដិសេធភ្លាមៗពីអ៉ីស្រាអែល។ អ៉ឺស្រាអែល ចាត់ទុកឧបទ្ទវហេតុនេះជាអំពើភេរវកម្មរបស់អ៉ឺរ៉ង់ ដែលបង្កផលវិបាកសម្រាប់សន្តិសុខដែនសមុទ្រអន្តរជាតិ។

លោក Kanaani បានបញ្ជាក់ថា «យើងបាននិយាយច្រើនដងហើយថា ក្រុមតស៊ូនៅក្នុងតំបន់គឺធ្វើសកម្មភាពដោយឯករាជ្យ និងដោយឯកឯង ផ្អែកលើផលប្រយោជន៍ និងប្រជាជនរបស់ពួកគេ។ ការអះអាងរបស់អ៉ឺស្រាអែល គឺសំដៅបង្វែរការយកចិត្តទុកដាក់ ចេញពីភាពបរាជ័យដែលមិនអាចជួសជុលបានរបស់ខ្លួន ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា»។

គួរបញ្ជាក់ថា ក្រុមហ៊ូទី ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បាននិងកំពុងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះដ្រូនទៅលើអ៉ីស្រាអែល ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាសប៉ាឡេស្ទីនដែលកំពុងប្រយុទ្ធនៅតំបន់ហ្គាហ្សា៕

រូបភាពពី Reuters