(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានចេញដំណើរទៅកាន់ចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះ ដែលជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ដោយសង្ឃឹមថានឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពង្រឹងភាពជាដៃគូសន្តិសុខ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងវិវត្តរបស់កូរ៉េខាងជើង ក៏ដូចបញ្ហាប្រឈមផ្សេងទៀតក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍ជាមួយកាសែត The Telegraph លោក Yoon បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន និងនៅតំបន់ហ្គាហ្សា រួមទាំងការកើនឡើងនូវទំនាក់ទំនងរុស្ស៉ី-កូរ៉េខាងជើង ក៏ដូចជាភាពតានតឹងនៅសមុទ្រចិនខាងត្បូង បង្ខំឲ្យលោកស្វែងរក «កិច្ចសហប្រតិបត្តិការសន្តិសុខយ៉ាងជិតស្និទ្ធ» ជាមួយលោកខាងលិច។ លោក Yoon រំពឺងថានឹងមានកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ជាមួយចក្រភពអង់គ្លេសលើ ការគ្រប់គ្រងហានិភ័យនៃភូមិសាស្ត្រនយោបាយ ខ្សែចង្វាក់ផ្គត់ផ្គង់ និងសន្តិសុខថាមពល។
អ្នកនាំពាក្យរបស់ លោក Yoon គឺលោក Lee Do-woon បានបញ្ជាក់ថា «ប្រទេសទាំងពីរមានចន្លោះទំនេរបន្ថែមទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ដោយកាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១២.១ពាន់លានដុល្លារ និងស្ថិតក្នុងទំហំទឹកប្រាក់ធំទី ៥ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប»។ នៅថ្ងៃពុធសប្តាហ៍នេះ លោក Yoon គ្រោងជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រី Rishi Sunak ហើយអនុម័តកិច្ចព្រមព្រៀងស្តីពីការពង្រីកភាពជាដៃគូទ្វេភាគី។
គួរបញ្ជាក់ថា ដំណើររយៈពេល ៤ថ្ងៃរបស់ លោក Yoon នឹងក្លាយជាទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ដែលរៀបចំដោយចក្រភពអង់គ្លេស ចាប់តាំងពីការឡើងគ្រងរាជ្យរបស់ស្តេច Charles និងខណៈដែលកូរ៉េខាងជើងហាក់ដូចជាកំពុងឈានដល់ដំណាក់កាលចុងក្រោយ ក្នុងរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួន៕
រូបភាពពី Reuters