(ហ្សាការតា)៖ បេក្ខជនមេដឹកតៃវ៉ាន់ ដែលកំពុងមានប្រជាប្រិយភាពជាងគេ គឺមេដឹកនាំរងបច្ចុប្បន្ន លោក Lai Ching-te នាថ្ងៃចន្ទនេះ បានប្រកាសឱ្យដឹងថា រូបលោកបានជ្រើសរើសប្រេសិតរបស់ដែនកោះនេះប្រចាំសហរដ្ឋអាមេរិក ធ្វើជាដៃគូឈរឈ្មោះជាមួយនឹងលោក ពោលគឺធ្វើជាបេក្ខជនមេដឹកនាំរង សម្រាប់ការបោះឆ្នោត ដែលត្រូវប្រព្រឹត្តទៅនៅដើមឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រី Hsaio Bi-khim អាយុ៥២ឆ្នាំ បានកាន់តំណែងជាអគ្គរដ្ឋទូតមិនផ្លូវការរបស់ទីក្រុងតៃប៉ិ ប្រចាំនៅសហរដ្ឋអាមេរិកតាំងតែពី​ឆ្នាំ២០២០មក ហើយលោកស្រី ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថា ជាអ្នកការទូតពោរពេញដោយភាពប៉ិនប្រសប់មួយរូប នៅចំពោះមុខ​ភាពតានតឹងភូមិសាស្រ្តនយោបាយរវាងអាមេរិកនិងចិន។ តួនាទីរបស់លោកស្រី Hsaio គឺជាប្រមុខការិយាល័យតំណាងសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិ ឬហៅកាត់ថា TECRO នៅទីក្រុងវ៉ាស៉ីនតោន ដែលត្រូវបានចាត់ទុកជា ស្ថានទូតមិនផ្លូវការរបស់តៃវ៉ាន់នៅអាមេរិក ដ្បិតភាគីទាំងពីរមិនមានទំនាក់ទំនងផ្លូវការជាមួយគ្នាឡើយ។

គួរបញ្ជាក់ថា បើតាមការកំណត់ ការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់អាណត្តិថ្មី នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ មេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន លោកស្រី Tsai Ing-wen ដែលបានជាប់ឆ្នោតម្តងទៀតសម្រាប់អាណត្តិទី២ កាលពីឆ្នាំ២០២០ គឺមិនអាចបន្ត​ឈរឈ្មោះបានទៀតទេ។ ដូច្នេះហើយគណបក្សកាន់អំណាចតៃវ៉ាន់ DPP ក៏បានជ្រើសរើសលោក Lai ជាបេក្ខជនតំណាងបក្សរបស់ខ្លួន កាលពីខែមីនា ឆ្នាំនេះ បន្ទាប់ពីរូបលោកបានក្លាយជាប្រធានបក្ស។ កោះតៃវ៉ាន់ត្រូវទីក្រុងប៉េកាំងចាត់ទុកត្រឹមជា ផ្នែកមួយប៉ុណ្ណោះនៃទឹកដី​របស់ប្រទេសចិន៕

រូបភាពពី Reuters