(ប៉េកាំង)៖ ថ្លែងប្រាប់ក្រុមប្រមុខការទូតមកពីបណ្តាប្រទេសអារ៉ាប់ក៏ដូចជាប្រទេសមូស្លីម នាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា សហគមន៍អន្តរជាតិចាំបាច់ត្រូវរួមគ្នាធ្វើសកម្មភាពជាបន្ទាន់ ដើម្បីបញ្ឈប់វិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងនៅតំបន់ Gaza Strip។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាដើមសប្តាហ៍នេះ ប្រតិភូនៃរដ្ឋមន្រ្តីការបរទេសមកពីអាជ្ញាធរប៉ាឡេស្ទីន ព្រមទាំងប្រទេសឥណ្ឌូណេស៉ី អេហ្ស៉ីប អារ៉ាប៊ីសាអូឌីត ហ៊្សកដានី ហើយនិងអគ្គលេខាធិការ នៃអង្គការកិច្ចសហប្រតិបត្តិការអ៉ីស្លាម (OIC) បានមកជួបជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាស្វែងរកមធ្យោបាយបន្ធូរបន្ថយ ស្ថានភាពដ៏ក្តៅគគុកនាពេលបច្ចុប្បន្ន នៃជម្លោះអ៉ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន។ ក្នុងសុន្ទរកថាចាប់ផ្តើមនៅទីក្រុងប៉េកាំង លោកប្រមុខការទូតចិន បានលើកឡើងដូច្នេះថា «ចូរយើងធ្វើការជាមួយគ្នា ដើម្បីបន្ធូរបន្ថយកម្តៅនៃស្ថានការណ៍នៅ Gaza ហើយស្តារសន្តិភាពឡើងវិញនៅតំបន់មជ្ឈិមបូព៌ា ឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន»។
លោក វ៉ាង យី បានបន្តថា «គ្រោះមហន្តរាយមនុស្សធម៌កំពុងតែកើតឡើងនៅតំបន់ Gaza។ ស្ថានការណ៍នៅ Gaza គឺជះផលប៉ះពាល់ដល់ប្រទេសទាំងអស់នៅជុំវិញពិភពលោក ដោយវាចោទជាសំណួរចំពោះស្មារតី នៃភាពត្រឹមត្រូវនិងខុសឆ្គងរបស់មនុស្ស ក៏ដូចជាកត្តាស្នូលដ៏សំខាន់បំផុតនៃមនុស្សជាតិ។ សហគមន៍អន្តរជាតិចាំបាច់ត្រូវរួមគ្នា ធ្វើសកម្មភាពជាបន្ទាន់ តាមរយៈចាត់វិធានការនានាប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់សោកនាដកម្មនេះកុំឱ្យរីករាលដាលកាន់តែខ្លាំង។ ពួកយើងស្ម័គ្រចិត្តដើម្បីធ្វើការរួមគ្នា ជាមួយក្រុមប្រទេសអារ៉ាប់និងអ៉ីស្លាម ដើម្បីបង្កើតកិច្ចប្រឹងប្រែងសំដៅសម្រេចឱ្យបាន នូវដំណោះស្រាយសម្រាប់សង្រ្គាមក្នុងតំបន់ Gaza ឱ្យបានឆាប់តែអាចទៅរួច។
គួរបញ្ជាក់ថា ក្រោយសង្រ្គាមផ្ទុះឡើងកាលពីខែមុន ក្រុមមន្រ្តីចិនរួមមានទាំងលោក វ៉ាង ផ្ទាល់ បានចេញមុខអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ព្រមទាំងការបន្ធូរបន្ថយកម្តៅ នៃស្ថានការណ៍។ តាំងពីដើមមក ចិនមានការអាណិតអាសូរចំពោះប្រជាជនប៉ាឡេស្ទីន និងគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ សម្រាប់បញ្ហាជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន៕
រូបភាពពី AFP