(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានទទូចឲ្យមានការផ្លាស់ប្តូរប្រតិបត្តិការរបស់ យោធា និងប្រកាសពីការបណ្តេញមេបញ្ជាការនៃពេទ្យយោធា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងតាមរយៈវីដេអូ លោក ហ្សេលេនស្គី បាននិយាយថា «អាទិភាពដែលបានកំណត់ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov គឺយើងនៅមានពេលតិចតួចប៉ុណ្ណោះក្នុងការរង់ចាំលទ្ធផល ដូចនេះយើងត្រូវផ្លាស់ប្តូរសកម្មភាពជាបន្ទាន់»។ លោក ហ្សេលេនស្គី ក៏បានប្រកាសពីការបណ្តេញ លោកស្រី Tetiana Ostashchenko ដែលជាមេបញ្ជាការកងកម្លាំងវេជ្ជសាស្ត្រនៃកងកម្លាំងប្រដាប់អាវុធ និងតែងតាំងប្រធានគ្លីនិកយោធាក្រុងកៀវ គឺលោក Anatoliy Kazmirchuk ឱ្យកាន់តំណែងជំនួសលោកស្រី។

លោក ហ្សេលេនស្គី បានបញ្ជាក់ថា «ភារកិច្ចជាចម្បង ដូចដែលបានសង្កត់ធ្ងន់ម្តងហើយម្តងទៀត ពិសេសក្នុងចំណោមប្រតិបត្តិការរបស់ពេទ្យយោធា នោះគឺ យើងត្រូវការកម្រិតថ្មីជាមូលដ្ឋាន ដើម្បីគាំទ្រផ្នែកវេជ្ជសាស្រ្តសម្រាប់ទាហានរបស់យើង»

គួរបញ្ជាក់ថា ចំណាត់ការថ្មីរបស់លោក ហ្សេលេនស្គី កើតមានឡើងស្របពេលនឹងការជជែកដេញដោលជុំវិញសង្រ្គាមរយៈពេលជិត ២ឆ្នាំប្រឆាំងរុស្ស៉ី ជាមួយ នឹងចម្ងល់អំពីប្រតិបត្តិការវាយបកនៅភាគខាងកើត និងខាងត្បូង។ ម្តងហើយម្តងទៀត លោក ហ្សេលេនស្គី និយាយថាភាពជឿនលឿនត្រូវការពេលវេលា និងបដិសេធថាសង្រ្គាមកំពុងឈានទៅរកភាពជាប់គាំង ហើយបានអំពាវនាវដល់លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិករក្សាកម្រិតនៃការគាំទ្រផ្នែក យោធាសម្រាប់អ៊ុយក្រែន៕

រូបភាពពី Reuters