(សេអ៊ូល)៖ កូរ៉េខាងត្បូង​ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកានេះ បានព្រមានកូរ៉េខាងជើង លុបចោលជាបន្ទាន់នូវគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ជាមួយការប្ដេជ្ញាចាត់វិធានាការចាំបាច់នានា ប្រសិនបើគម្រោងនេះនៅតែដំណើរការទៅមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កូរ៉េខាងជើងត្រូវបានកូរ៉េខាងត្បូងអះអាងថាកំពុងត្រៀមលក្ខណៈបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ជាលើកទី៣ បន្ទាប់ពីបរាជ័យក្នុងការបាញ់បង្ហោះ ២លើកកន្លងមកនេះ។ កាលពីដើមខែវិច្ឆិកា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការត្រៀមលក្ខណៈបាញ់បង្ហោះផ្កាយរណបជាលើកទី៣ ខណៈរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានសន្និដ្ឋានកាលពីថ្ងៃអាទិត្យ ម្សិលមិញថាការបាញ់បង្ហោះអាចនឹងធ្វើឡើងក្នុងសប្ដាហ៍នេះ។

ជាសារព្រមានទៅកាន់កូរ៉េខាងជើង លោក Kang Ho-pil ជានាយកផ្នែកប្រតិបត្តិការនៃនាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះ ថា «យើងព្រមានកូរ៉េខាងជើងឱ្យលុបចោលជាបន្ទាន់... នូវការត្រៀមលក្ខណៈបច្ចុប្បន្នសម្រាប់ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធា។ តែប្រសិនបើ កូរ៉េខាងជើងនៅតែដំណើរការគម្រោងនេះដោយមិនខ្វល់ពីការព្រមានរបស់យើង នោះយោធារបស់យើងចាត់វិធានការចាំបាច់ដើម្បី ធានាការពារអាយុជីវិត និងសុវត្ថិភាពប្រជាជន»

គួរបញ្ជាក់ថា បន្ទាប់ពីបរាជ័យជាលើកទី២ ក្នុងការបាញ់បង្ហោះផ្កាយរណស៊ើបការណ៍កាលពីខែសីហាកន្លងទៅ ទីក្រុងព្យុងយ៉ាងបាននិយាយថាខ្លួននឹង ដឹកនាំការបាញ់បង្ហោះជាលើកទី៣ ក្នុងខែតុលាកន្លងទៅនេះ។ តែទោះជាការបាញ់បង្ហោះនេះមិនបានកើតឡើងក៏ដោយ ក៏កូរ៉េខាងត្បូងនៅតែជឿជាក់ថា ផែនការនេះនៅតែដំណើរការទៅមុខ ហើយថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៉ីសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាថ្នូរនឹងការទទួលបានមកវិញ នូវបច្ចេកវិទ្យា ឬការប្រឹក្សាយោបល់ពីផ្កាយរណប៕

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA