(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថាជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាដឹកនាំដោយរបបសឹក គឺជាបញ្ហា ដ៏លំបាកសម្រាប់អាស៊ាន ក្នុងការដោះស្រាយ ខណៈមានភាពរីកចម្រើនតិចតួចប៉ុណ្ណោះឆ្ពោះទៅរកការផ្សះផ្សារ រីឯការប្រយុទ្ធគ្នាកាន់តែពុះកញ្ជ្រោល ឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងចេញពីវេទិកាមួយនៅរដ្ឋហាវ៉ៃ និងផ្សាយបន្តផ្ទាល់ក្នុងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះ លោក Marcos បានសង្កត់ធ្ងន់ថាអាស៊ានពិតជា មានការប្ដេជ្ញាចិត្ត ប៉ុន្តែបញ្ហាមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងផលប៉ះពាល់ផ្នែកមនុស្សធម៌ ពិតជាមានភាពស្មុគស្មាញជាខ្លាំង។ ប្រធានាធិបតីហ្វីលីពីន រូបនេះបានគូសបញ្ជាក់ដូច្នេះថា «វាពិតជាមានកម្លាំងជំរុញសម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ ប៉ុន្តែវាគឺជាបញ្ហាដ៏លំបាក»។ លោក Marcos ដោយផ្អែកលើការវិភាគជាច្រើនពីជម្លោះមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ ក៏បានលើកឡើងដែរថារបបសឹកមីយ៉ាន់ម៉ាបានបាត់បង់គាំទ្ររួចទៅហើយ ពីយោធារបស់ខ្លួន។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ បាននិយាយថាក្រៅតែពីចំនួនអ្នកស្លាប់ ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្ខំឱ្យមនុស្សជាង ១លាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១មក៕

រូបភាពពី Reuters