(Hodeida)៖ ចល​នាប្រដាប់អាវុធហ៊ូទីក្នុងប្រទេសយេម៉ែនគាំទ្រដោយអ៉ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថាពួកគេ បានរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៉ីស្រាអែល ក្នុងតំបន់សមុទ្រក្រហម តែការអះអាងនេះត្រូវបានបដិសេធភ្លាមៗពីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការអះអាងរបស់ក្រុមហ៊ូទី កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយចលនាប្រដាប់អាវុធយេម៉ែនមួយនេះបានគំរាមដាក់គោលដៅលើនាវា ឬកប៉ាល់របស់អ៉ីស្រាអែល ជាការឆ្លើយតបទៅនឹងសង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ ក្នុងសារមួយបង្ហោះលើ Twitter អ្នកនាំពាក្យក្រុមហ៊ូទី លោក យ៉ាស់យ៉ា សារី (Yahya Saree) បានឱ្យដឹងថាក្រុមហ៊ូទីបានរឹបអូសកប៉ាល់ដឹកទំនិញអ៉ីស្រាអែល មួយគ្រឿង និងបាននាំទៅកាន់ឆ្នេរសមុទ្រយេម៉ែន។

«កងកម្លាំងយោធាហ៊ូទីនឹងបន្តធ្វើប្រតិបត្តិការយោធារបស់យើងប្រឆាំងនឹងអ៉ីស្រាអែលដែលជាសត្រូវ រហូតទាល់តែការឈ្លានពានប្រឆាំងនឹង ហ្កាហ្សាបញ្ឈប់ ហើយឧក្រិដ្ឋកម្មដ៏ឃោរឃៅ...ប្រឆាំងបងប្អូនប៉ាឡេស្ទីនរបស់យើងក្នុងតំបន់ហ្កាហ្សា (Gaza) និង West Bank ត្រូវបញ្ឈប់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ាស់យ៉ា សារី។

គួរបញ្ជាក់ថា បើតាមមន្ត្រីយេម៉ែនម្នាក់ ក្រុមហ៊ូទីបាននាំកប៉ាល់ដឹកទំនិញខាងលើទៅកាន់កំពង់ផែ Salif នៃទីក្រុង Hodeida គ្រប់គ្រងដោយក្រុម ហ៊ូទី តែមិនបានបញ្ជាក់លម្អិតពីអត្តសញ្ញាណមនុស្សលើកប៉ាល់នេះឡើយ។ ចំណែក ខាងអ៉ីស្រាអែលបានបដិសេធថាកប៉ាល់នេះមិនមែនជា កម្មសិទ្ធិរបស់អ៉ីស្រាអែល ហើយក៏មិនមានពលរដ្ឋអ៉ីស្រាអែលណាម្នាក់ស្ថិតនៅកប៉ាល់នេះនោះដែរ។ តាមអាជ្ញាធរអ៉ីស្រាអែល កប៉ាល់នេះជា កម្មសិទ្ធិនៃក្រុមហ៊ុនមួយរបស់ចក្រភពអង់គ្លេស និងប្រតិបត្តិការដោយក្រុមហ៊ុនជប៉ុន ហើយបានចេញដំណើរចាកចេញពីតួកគី ឆ្ពោះទៅកាន់ ប្រទេសឥណ្ឌា៕