(ណៃរ៉ូប៊ី)៖ អាជ្ញាធរប្រទេសកេនយ៉ាបាននិយាយនៅថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ថា គ្រួសាររ៉ាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបាននាំឱ្យមានការរំខានដល់សេវាកម្មដឹកជញ្ជូននៅកំពង់ផែ Mombasa។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។​

តំបន់ស្នែងនៃទ្វីបអាហ្វ្រិក (Horn of Africa) ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានមើលឃើញភ្លៀងធ្លាក់ខ្លាំង ដោយសារតែបាតុភូតអាកាសធាតុ El Niño ដែលបានឆក់យកជីវិតមនុស្សរាប់សិបនាក់ ក្នុងនោះរួមទាំងមនុស្សយ៉ាងតិច ៤៦ នាក់នៅក្នុងផ្នែកផ្សេងៗនៃប្រទេសកេនយ៉ាផងដែរ។

អនុប្រធានាធិបតីកេនយ៉ា លោក Rigathi Gachagwa បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់ ៨០,០០០ គ្រួសារនៅក្នុងប្រទេសនេះ បានរងផលប៉ះពាល់ ហើយតួលេខនេះនឹងបន្តកើនឡើងជារៀងរាល់ថ្ងៃ។

លោកបាននិយាយទៀតថា រដ្ឋាភិបាលកំពុងចាត់វិធានការឆ្លើយតប «ដើម្បីជួយសង្គ្រោះប្រជាជន» ដោយប្រើប្រាស់ទាំងឧទ្ធម្ភាគចក្រ និងសេវាសង្គ្រោះបន្ទាន់ផ្សេងទៀត ដើម្បីផ្តល់ជំនួយ និងជួយសង្គ្រោះគ្រួសារដែលជាប់គាំង។

អនុប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ទៀតថា «ស្ថានភាពនេះនៅតែបន្តគំរាមកំហែងដល់អាយុជីវិត» ដោយបានជំរុញឱ្យប្រជាជនជម្លៀសចេញពីតំបន់ទឹកជំនន់ និងតំបន់ទំនាប ខណៈទឹកភ្លៀង​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បន្ត​មាន​រយៈពេល​យូរ​រហូត​ដល់​ត្រីមាស​ទី​មួយ​ឆ្នាំ​ក្រោយ​៕

រូបភាពពី Reuters